Breaking News
recent

ដួលហើយត្រូវក្រោក



ដួល​ហើយ​ត្រូវ​ក្រោក

ផ្លូវ​នៃ​ដំណើរ​ជីវិត​នោះ មិន​មែន​សុទ្ធ​តែ​រាប​ស្មើ​ទៅ​ទាំង​អស់​នោះ​ទេ ។ ជីវិត​មាន​ឡើង​មាន​ចុះ មាន​សុខ​មាន​ទុក្ខ​ជា​គូ​គ្នា​ទៅ​រហូត​ដោយ​ចំពោះ​ក្នុង​កិច្ច​ការ​ងារ​បើ​ រឹត​តែ​ការងារ​ធំរឹត​តែ​មាន​ឧបសគ្គ ។ ប្រសិន​បើ​កូន​ធ្វើ​ការ​ងារ​អ្វី​មួយ ដែល​កូន​គិត​សព្វ​គ្រប់​ហើយ​ថា ជា​ការ​ងារ​ល្អ​ត្រឹម​ត្រូវ​ ជា​ការ​ងារ​ដែល​អាច​នាំ​ឲ្យ​ចម្រើន​ទៅ​មុខ​បាន ប៉ុន្តែ​កាល​បើ​ធ្វើ​ទៅ​ៗ ការងារ​នោះ​បែរ​ជា​ត្រូវ​រាំង​ស្ទះ មិន​ប្រព្រឹត្ត​ទៅ​តាម​ដូច​ដែល​បាន​គិត​ទុក​ទេ ពោល​គឺ​មាន​ឧសគ្គ កូន​ត្រូវ​ពុះ​ពារ​នូវ​ឧបសគ្គ នោះ​ ទៅ​ឲ្យ​បាន​ដោយ​សតិ​បញ្ញា ដោយ​ការ​អត់​ធន់​ និង​ព្យាយាម កុំ​ស្លន់​ស្លោ ត្រូវ​ចាត់​ចែង​ដោះ​ស្រាយ​ឲ្យ​ស្រួល​បួល កុំ​រួញ​ថយ​ដោយ​អស់​កម្លាំង​ចិត្ត​ជា​មុន​នោះ ។

សភាវៈ​ដែល​សំខាន់​ជា​ទី​បំផុត នៅ​ពេល​ដែល​កូន​ជួប​នូវ​បញ្ហា​ជា​ឧបសគ្គ​ក្នុង​ជីវិត​គឺ​កម្លាំង​ចិត្ត ចូរ​កូន​កុំ​ឲ្យ​កម្លាំង​ចិត្ត​ធ្លាក់​ចុះ​ឲ្យ​សោះ ។ បើ​ការងារ ឬ​ប្រាក់​កម្រៃ​ត្រូវ​ធ្លាក់​ចុះ​យ៉ាង​ណា​ក៏​ដោយ កុំ​តែ​កម្លាំង​ចិត្ត​ធ្លាក់​ចុះ​តាម​ វា​មិន​ជា​អ្វី​ឡើយ ។

កូន​ត្រូវ​ថែ​រក្សា​ចិត្ត ផ្គង​ចិត្ត​ឲ្យ​ល្អ ត្រូវ​ប្រយ័ត្ន​កុំ​ឲ្យ​បាក់​ទឹក​ចិត្ត​ជា​ដាច់​ខាត ដូច​ពាក្យ​ថា (ដួល​ហើយ​ត្រូវ​ក្រោក) បាន​សេចក្តី​ថា កាល​ភ្លាត់​ជើង​រអិល​ដួល​ទៅ​គឺ​ត្រូវ​ក្រោក​ឡើង​ហើយ​ដើរ​តទៅ​ទៀត​ប៉ុណ្ណោះ ដែល​អាច​ទៅ​ដល់​គោល​ដៅ​បាន យ៉ាង​ណា​មិញ កាល​បើ​កូន​មាន​ការ​ខក​ចិត្ត ព្រោះ​ជួប​នូវ​វិបត្តិ​អ្វី​មួយ កូន​ត្រូវ​តាំង​ចិត្ត​ឲ្យ​មាំ​ផ្គង​ចិត្ត​ឲ្យ​រឹង​ប៉ឹង ទាញ​ខ្លួន​ឯង​ចេញ​ពី​ការ​ខក​ចិត្ត​នោះ​ឲ្យ​បាន ហើយ​ព្យាយាម​ត​ស៊ូ​ជា​បន្ត ដើម្បី​បាន​ដល់​នូវ​សេចក្តី​សម្រេច​សម​តាម​ប្រាថ្នា ក៏​យ៉ាង​នោះ​ដែរ ។

កូន​សម្លាញ់​ត្រូវ​ដឹង​ថា ការ​ខក​ចិត្ត​កើត​មក​ពី​ការ​មាន​សង្ឃឹម​ជាហេតុ ដូច្នេះ​ក្នុង​ជីវិត​រាល់​ថ្ងៃ​កូន​ត្រូវ​ចេះ​ប្រយ័ត្ន​ចំពោះ​សេចក្តី​ សង្ឃឹម ដែល​មាន​ក្នុង​ចិត្ត​កូន​ផង ។ ពិត​មែន​ហើយ​ថា ការ​សង្ឃឹម​វា​នាំ​ឲ្យ​មាន​កម្លាមង​ចិត្ត ប៉ុន្តែ​វា​ក៏​នាំ​ឲ្យ​ខក​ចិត្ត​ផង​ដែរ ព្រោះ​តែ​មិន​បាន​សម្រេច​ដូច​ប្រាថ្នា ដូច្នេះ​កូន​ត្រូវ​ហ្វឹក​ហាត់​អប់​រំ​ឲ្យ​កើត​ឡើង​កុសល​ឆន្ទៈ គឺ​ការ​ពេញ​ចិត្ត​ក្នុង​អំពើ​ប្រាស​ចាក​ទោស ។ កុសល​ឆន្ទះ​នាំ​ឲ្យ​កូន​បាន​សុខ​ចិត្ត​ក្នុង​ការ​ងារ​ដែល​កំពុង​ធ្វើ ព្រោះ​កូន​គិត​ថា ធ្វើ​ការ​ឲ្យ​អ្នក​ដទៃ​បាន​សុខ ម្ល៉ោះ​ហើយ​កូន​រីក​រាយ​នឹង​ធ្វើ​ការ ដោយ​មិន​ចាំ​បាច់​សង្ឃឹម​ផល​អ្វី​ទៀត​ឡើយ ។ បើ​ផល​បាន​សម្រេច​ក៏​សម្រេច​ដោយ​ប្រាស​ចាក​ទោស តែ​បើ​មិន​សម្រច​ទេ ក៏​មិន​ខក​ចិត្ត​ដែរ គឺ​កូន​សប្បាយ​ចិត្ត​នឹង​ធ្វើ​បន្ត​ទៀត និង​សប្បាយ​ចិត្ត​ក្នុងការ​ងារ​ដែល​ប្រាស​ចាក​ទោស​នោះ​ៗ ។
ដូច​ពោល​មកនេះ​កូន​ពិត​ជាមិន​ចេះ​អស់​ទឹក​ចិត្ត​ក្នុង​ការ​ងារ​ផង មាន​កម្លាំង​ចិត្ត​ធ្វើ​បន្ត​ផង បាន​ទទួល​នូវ​សេចក្តី​សុខ​ចិត្ត​ទាន់​ពេល​ដែល​កំពុង​ធ្វើ​ការ​ងារ​នោះ​ផង ។
Unknown

Unknown

No comments:

Post a Comment

© 2014 Keo Thida, All rights Reserved -. Powered by Blogger.