Breaking News
recent

វិចារណកថាៈ ហេតុអ្វីបានជា សីលធម៌សង្គម និងវិស័យអប់រំធ្លាក់ចុះ?

មនុស្សចាស់ទុំ ក្នុងសង្គមខ្មែរ បច្ចុប្បន្នមួយ ចំនួនបានកត់ សម្គាល់ថា វិស័យអប់រំផ្នែក ចំណេះដឹងទូទៅ និងសីលធម៌ នៅក្នុងសង្គមខ្មែរ កំពុងមានការធ្លាក់ចុះ គួរឲ្យ ព្រួយ បារម្ភ ដែលបញ្ហានេះ បង្កជាផលវិបាក យ៉ាងច្រើនក្នុងសង្គមជាតិ ។  ចាស់ទុំដែលមានវ័យ ចាប់ពី៥០ឆ្នាំ ឡើងទៅបានរំលឹកថា ការអប់រំកូនចៅ កាលពី អំឡុង ទសវត្សរ៍ឆ្នាំ១៩៥០ និងទសវត្សរ៍ ឆ្នាំ១៩៦០ជាការអប់រំមួយដ៏មានតម្លៃ និងមានគុណភាព ខ្ពស់ ហើយវិស័យអប់រំបានក្លាយ ទៅជាថ្នាលបណ្តុះបណ្តាល ធនធាន មនុស្សប្រកបដោយ គុណភាព មានចំណេះ ដឹងពិតប្រាកដ មានសីលធម៌រស់នៅល្អ និងមានការប្រាស្រ័យទាក់ ទងគ្នាយ៉ាងប្រសើរ ។ ប៉ុន្តែសម្រាប់ វិស័យអប់រំ បច្ចុប្បន្នហាក់ដូចជាមានការធ្លាក់ចុះនូវគុណភាព និងសីលធម៌ ហេតុនេះ មាតាបិតាអាណាព្យាបាលសិស្សទូទៅ ព្រមទាំងក្រសួងអប់រំ និងស្ថាប័នពាក់ព័ន្ធ ត្រូវ សហការ គ្នាពង្រឹង គុណភាពនៃការ សិក្សា សីលធម៌រស់នៅ ចរិយាសម្បតិ្ត និងវិជ្ជាសម្បតិ្តដល់សិស្ស ឲ្យបានល្អដូចកាល ពីជំនាន់មុន ។ ដោយហេតុថា ការ បណ្តុះបណ្តាលធនធានមនុស្សដែលប្រកបដោយគុណធម៌ សីលធម៌ និងចំណេះជំនាញច្បាស់លាស់សម្រាប់ធ្វើការងារ បម្រើប្រទេសជាតិគឺជារឿងសំខាន់បំផុត ។
  មនុស្សចាស់ទុំដែលធ្លាប់ឆ្លង កាត់ការសិក្សាកាលពីអំឡុងទសវត្សរ៍ឆ្នាំ១៩៥០ និងទសវត្សរ៍ឆ្នាំ១៩៦០ បានលើក ឡើងថា សម័យនោះក្រសួង និងស្ថាប័នពាក់ ព័ន្ធហាក់ដូច ជាមានទេពកោសល្យអប់រំ កូនចៅប្រកប ដោយគុណភាពពិត ប្រាកដគឺផ្តល់ទាំងចំណេះវិជ្ជា ទាំងផ្នែកសីលធម៌ដែលធ្វើឲ្យយុវជន យុវតីសម័យនោះ ភាគច្រើនមានចរិយាសម្បត្តិល្អ ចេះគោរពស្តាប់ដំបូន្មានចាស់ទុំឪពុកម្តាយ គ្រូបាអាចារ្យ ប្រឹងប្រែងរៀនសូត្រ ឧស្សាហ៍ព្យាយាមដើម្បីអនាគតដោយមិន ចាំបាច់ឲ្យ ឪពុក ម្តាយខ្វល់ខ្វាយនោះទេ ។ ដោយឡែក យុវជន យុវតីសម័យនេះមួយភាគធំមិនបានយកចិត្តទុកដាក់រៀន សូត្រដើម្បីអនាគតវែងឆ្ងាយ របស់ខ្លួននោះទេ ហើយអ្នកខ្លះប្រព្រឹត្តអំពើពាលាអាវាសែផ្សេងៗប៉ះពាល់ដល់សីលធម៌ សង្គម និងប៉ះ ពាល់ដល់សន្តិសុខសង្គមទៀតផង ។ ជាក់ស្តែងទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា មួយចំនួនធ្លាប់មានករណីក្មេងទំនើងបងតូចបងធំ មានប្រុសមានស្រីទាំងហ្វូងៗ ដេញកាប់ចាក់វាយ ប្រហារគ្នាធ្វើឲ្យលំបាកដល់ សមត្ថកិច្ចថែមទៀត ។ ក្នុងនោះក្មេងទំនើងខ្លះ បានប្រើអំពើហិង្សា លើគ្រូបង្រៀន និងមាតាបិតា អាណាព្យាបាល របស់ខ្លួនដោយគ្មានខ្លាចបុណ្យបាបអ្វីទាំងអស់ បង្កជាភាពអនាធិបតេយ្យ យ៉ាងពេញបន្ទុក ។
មនុស្សចាស់ទុំ ដែលមានវ័យចំណាស់ៗ ធ្លាប់ឆ្លងកាត់ការអប់រំ ខ្ពស់គួរសមបានរំលឹកថា ប្រការដែលធ្វើឲ្យ កូនចៅ ខ្មែរសម័យមុនភាគច្រើនមានចំណេះវិជ្ជាពិតប្រាកដ និងមានចរិយាសម្បតិ្តសីលធម៌ល្អ គឺមកពី អ្នកអប់រំសម័យនោះមាន វិធីសាស្រ្ត និងព្យាយាមអប់រំកូនចៅជាប់ រហូតតាំងពីវ័យតូចៗ រហូតដល់ ធំពេញវ័យ ឬរហូតដល់រៀបចំទុកដាក់ឲ្យមានគូ ស្រករសាងសង្គមគ្រួសារ ។ កត្តាសំខាន់ មួយចំណុច នៃការអប់រំកូនចៅជំនាន់មុនគឺបង្រៀនកូនចៅជំនាន់ក្រោយឲ្យចេះ គោរពព្រះពុទ្ធសាសនា ជាគោល គឺឲ្យខ្លាចអំពើបាប ចេះខ្មាសអំពើបាប និងអប់រំកូនចៅឲ្យចេះចៀសវាងនូវអំពើអាក្រក់ ផ្សេងៗដែល អាចនាំទុក្ខដល់ខ្លួនឯង ដល់អ្នកដទៃ និងសង្គមជាតិ ។ ប្រការនេះហើយដែលធ្វើឲ្យយុវវ័យជំនាន់មុនមាន សីលធម៌ល្អ មានចំណេះដឹងពិតប្រាកដ ប្រកបដោយគុណភាពក្លាយទៅ ជាសសរទ្រូងប្រទេស ជាតិ យ៉ាងពិតប្រាកដ ហើយឪពុកម្តាយមិនខ្វល់ខ្វាយថាកូនប្រព្រឹត្តអ្វីខុសនោះទេ ។ ប៉ុន្តែយុវជន យុវនារីសម័យ បច្ចុប្បន្នអ្នកខ្លះមិនគោរពដំបូ ន្មានឪពុកម្តាយ និងសេចក្តីណែនាំរបស់លោកគ្រូអ្នកគ្រូនោះទេ គឺពួកគេភ្លេច ការរៀនសូត្រ ហើយអ្នកខ្លះធ្លាក់ខ្លួនរង គ្រោះដោយសារគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗទៀត ។
បើតាមពិនិត្យជាក់ស្តែង មានកត្តាជាច្រើនដែលធ្វើឲ្យយុវជន មួយចំនួនសម័យបច្ចុប្បន្ន មិនសូវ មានសីលធម៌ល្អប្រសើរក្នុងការរស់នៅ និងមិនយកចិត្តទុក ដាក់ក្នុងការរៀនសូត្រ ហើយសប្បាយភ្លើត ភ្លើនភ្លេចគិតពីអនាគតវែងឆ្ងាយរបស់ ខ្លួនទៀតផង ។ ក្នុងនោះការហូរចូល នូវវប្បធម៌ បរទេសយ៉ាង សំបូរបែបក៏ជាកត្តា ដែលធ្វើឲ្យប៉ះពាល់ដល់សីលធម៌រស់នៅ និងប៉ះពាល់ដល់គុណភាព នៃវិស័យអប់រំ នៃប្រទេសកម្ពុជាផងដែរ ប្រការនេះក្រសួង និងស្ថាប័នពាក់ព័ន្ធត្រូវចាត់វិធាន ការទប់ស្កាត់ជាបន្ទាន់ ។ មានន័យថា មាតាបិតាអាណាព្យាបាលសិស្ស និងលោកគ្រូអ្នកគ្រូ ព្រមទាំងក្រសួងអប់រំយុវជន និងកីឡា ត្រូវសហការគ្នាឲ្យបាន រឹងមាំ ទើបអាចពង្រឹងគុណភាពនៃរៀនសូត្ររបស់សិស្ស ក៏ដូចជាពង្រឹង សីលធម៌សង្គម ឲ្យបានប្រសើរ ។ ការកើតមានក្រុមក្មេងទំនើង បងតូចបងធំមាន ប្រុសមាន ស្រីនាពេលបច្ចុប្បន្ននេះធ្វើឲ្យប៉ះពាល់ខ្លាំង ណាស់ដល់សីលធម៌រស់នៅក្នុងសង្គមខ្មែរដូច្នេះមន្រ្តីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងសមត្ថកិច្ច ត្រូវចាត់វិធានការទប់ ស្កាត់ប្រកបដោយប្រសិទ្ធភាព ហើយមាតាបិតាអាណាព្យាបាល សិស្សជាអ្នក ទទួលខុសត្រូវធំជាងគេក្នុងការតាមដាន គ្រប់សកម្មភាព របស់កូនចៅពេលចេញ ពីផ្ទះទៅសាលារៀន ។
សរុបសេចក្តីមកការពង្រឹងគុណភាពអប់រំ ការពង្រឹងសីលធម៌ រស់នៅរបស់យុវវ័យខ្មែរ គឺត្រូវមាន កិច្ចសហប្រតិបត្តិ ការយ៉ាងជាប់លាប់រវាង មាតាបិតាអាណាព្យាបាល សិស្សជាមួយ លោកគ្រូអ្នក គ្រូព្រមទាំងក្រសួង និងស្ថាប័នពាក់ព័ន្ធ ដែលជាអ្នកទទួលបន្ទុកក្នុងការអប់រំ ។ កិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់ចំពោះ គុណភាព នៃការសិក្សា សីលធម៌រស់នៅ និងការពន្យល់ណែនាំ កូនចៅលើក ទឹកចិត្តឲ្យពួកគេស្គាល់ ច្បាស់ពីតម្លៃចំណេះដឹង និងផលប្រយោជន៍នៃការរៀន សូត្រគឺជាប្រការ សំខាន់ណាស់ ដើម្បីបណ្តុះបណ្តាលធនធានមនុស្សដែលមានផលប្រយោជន៍ពិតប្រាកដសម្រាប់ជាតិ មាតុភូមិ ។ ដោយហេតុថា នៅពេលដែលយុវជន យុវនារី ខ្មែរមានចំណេះដឹងខ្ពង់ខ្ពស់ មានសីល ធម៌រស់ នៅល្អគឺសង្គម ខ្មែរសម្បូរទៅដោយធនធានមនុស្សល្អ និងជាមូលដ្ឋានគ្រឹះដ៏រឹង មាំដែលអាចជួយ ឲ្យសង្គមជាតិ មានការរីកចម្រើន មាន ភាពសុខសាន្តពិតប្រាកដ ។ ដូច្នេះការពង្រឹង គុណភាពអប់រំ តាំងពីថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់ឧត្តមសិក្សា គឺជារឿងមិន អាចធ្វេស ប្រហែសបានឡើយ ព្រោះ ការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពមិនមែនជារឿងងាយ ស្រួលទេ ហើយអ្វីៗ គឺមាតាបិតាសិស្សមានតួនាទីយ៉ាង សំខាន់ក្នុងការអប់រំ កូនចៅរបស់ខ្លួនផងដែរ ៕
Unknown

Unknown

No comments:

Post a Comment

© 2014 Keo Thida, All rights Reserved -. Powered by Blogger.