Breaking News
recent

ត្រៀមខ្លួនធ្វើជាប្ដីប្រពន្ធគេ

ត្រៀម​ខ្លួន​ធ្វើ​ជា​ប្ដី​ប្រពន្ធ​គេ

អ្នក​ដែល​ចូល​ទៅ​កាន់​សមរភូមិ​គឺ​សង្គ្រៀម ត្រូវ​ត្រៀម​អាវុធ​ដាវ លំពែង​ជាដើម យ៉ាង​ណា​មិញ បុរស​ស្ត្រី ដែល​ត្រូវ​ធ្វើ​ជា​ប្ដី​គេ និង​ប្រពន្ធ​គេ ត្រូវ​ត្រៀម​ខ្លួន​ក៏​យ៉ាង​​នោះ​ដែរ។

ធម្មតា​ បុរស ស្ត្រី កាល​ដល់​វ័យ​ពេញ​កម្លោះ​ក្រមុំហើយ​ តែង​តែ​ដល់​នូវ​ភាព​ជា​អ្នក​មាន​នូវ​សេចក្ដី​ស្រលាញ់​ស្នេហា៍ ចំពោះ​អ្នក​ណា​ម្នាក់​មិន​ខាន តែ​សូម​សេចក្ដី​ស្នេហា​នោះ​កុំ​ឲ្យ​ហួស​ព្រំ​ដែន​ប្រពៃណី​ឡើយ។ រឿង​សេចក្ដី​ស្រលាញ់​កើត​ក្នុង​ចិត្ត មិន​មាន​អ្វី​អាច​រារាំង​បាន​ទេ ព្រោះ​ជា​លោកិយ​វិស័យ​សម្រាប់​មនុស្ស​សត្វ​ដែល​នៅ​មាន​រាគៈ។ តែ​បើ​ចិត្ត​កើត​មាន​សេចក្ដី​ស្រលាញ់ចំពោះ​អ្នក​ណា​ម្នាក់​ហើយ មិន​ត្រូវ​ប្រព្រឹត្ត​កន្លង​ទាំង​កាយ វាចា ដែល​ជា​ហេតុ​ខុស​ចាក​ប្រពៃណី​ឡើយ។

បើ​សេចក្ដី​ស្រលាញ់​កើត​ឡើង​ខ្លាំង ត្រូវ​ប្រាប់​ឪពុក​ម្ដាយ​អោយ​ចូល​ស្ដី​ដណ្ដឹង​តាម​មេបា​យ៉ាង​ត្រឹម​ ត្រូវ។ តែ​មុន​ចូល​ស្ដីដណ្ដឹង​គេ​ត្រូវ​គិត​មើល​ខ្លួន​យើង​សិន​ថា​តើ​ខ្លួន​ យើង​មាន​សមត្ថភាព​គ្រប់​គ្រាន់​អាច​ធ្វើ​ជា​ប្ដី​គេ​ឪពុក​គេ​បាន​ឬ​នៅ? បើ​មិន​ទាន់​មាន​សមត្ថភាព​ទេ យើង​ត្រូវ​បង្អង់​សិន​ មិន​ត្រូវ​ចូល​ស្ដី​ដណ្ដឹង​គេ​ទាំង​ប្រញាប់​ប្រញាល់​នោះ​ទេ។ តើ​សមត្ថភាព​នោះ​យ៉ាង​ណា​ ទើប​សម​ធ្វើ​ជា​ប្ដី​គេ? សមត្ថ​ភាព​នោះ គឺ​វិជ្ជាសម្បត្តិ​ ចរិយា​សម្បត្តិ។ សម្បត្តិ​ទាំង​ពីរ​ប្រការ​នេះ ជា​សម្បត្តិ​ធ្វើ​ឲ្យ​យើង​គ្រប់​គ្រង​គ្រួសារ​បាន​សេចក្ដី​សុខ​ចម្រើន​និង​ មាន​សុភមង្គល​ទៅ​អនាគត។

វិជ្ជាសម្បត្តិ ជា​សម្បត្តិ​មួយ​ក៏​វិសេស​វិសាល​បំផុត​សម្រាប់​យើង​ បើ​យើង​មិន​ទាន់​មាន​ទេ ត្រូវ​ស្វែង​រកសម្បត្តិ​នេះ មក​ទុក​ក្នុង​ខ្លួន​យើង​ឲ្យ​បាន​ ដោយ​ត្រូវ​សិក្សា​បន្ថែម​នូវ​ជំនាញ​ផ្សេងៗ​តាម​កាល​សម័យ​ឲ្យ​បាន​ច្បាស់​ លាស់ ដូច​ជា​ភាសាអង់គ្លេស ថៃ ចិន ជប៉ុន កុំព្យូទ័រ​ជាដើម។ បើ​សិក្សា​មុខ​វិជ្ជា​នោះ​ឲ្យ​ច្បាស់​លាស់​ជំនាញ​ចេះ​ចាំ​ប្រាដក​អាច​ប្រើ​ ការ​បាន​មិន​មាន​សល់​ចន្លោះ ហើយ​ការ​យក​ចំណេះមក​ប្រើ​នោះ គឺ​ជា​សមត្ថភាព​ផ្ទាល់​ខ្លួន​យើង។

ប្រសិន​បើ​ចេះ​ច្រើន​ផ្នេក​តែ​មិន​ច្បាស់​លាស់​ណា​មួយ​ ក៏​ប្រើ​ការ​មិន​កើត​ឡើយ។ ព្រោះ​ហេតុ​នោះ​ បើយើង​តោង​យក​មុខ​វិជ្ជា​ណា​មួយ ត្រូវ​យក​មុខ​វិជ្ជា​នោះ​ឲ្យ​ច្បាស់​លាស់​ដូច​ព្រះសម្ពុទ្ធ​ទ្រង់​ត្រាស់​ថា " សិល្បៈ​គឺ​សេចក្ដី​ឆ្លៀវ​ឆ្លាស​ក្នុង​ហត្ថ​កម្ម​របស់​អ្នក​បួស​និង​គ្រហស្ថ ជា​មង្គល​ដ៏ឧត្ដម " ព្រះសម្ពុទ្ធ​ទ្រង់​សំដៅ​ដល់​សិល្បសាស្ត្រ​វិជ្ជា​ដែល​បុគ្គល​ចេះ​ស្ទាត់​ ប្រាកដ​ប្រជា​នេះ​ជា​មង្គល​ដ៏​ឧត្ដម​សម្រាប់​បុរស​ស្ត្រី​ក្នុង​លោក។

ដូច្នេះ វិជ្ជាសម្បត្តិ ជា​គុណធម៍​សំខាន់​ណាស់​សម្រាប់​មនុស្ស​ប្រុស​ស្រី​ដែល​រស់​នៅ​ក្នុង​លោក​ សន្និវាស​នេះ ព្រោះ​ថា​បើ​យើង​ខ្វះ​វិជ្ជា​សម្បត្តិ​ហើយ យើង​មិន​អាច​សាង​សុភមង្គល​ឲ្យ​ដល់​ក្រុម​គ្រួសារ​របស់​យើង​បាន​ឡើយ។ យើង​ត្រូវ​ដឹង​ថា " បុគ្គុល​ល្ងង់​ខ្លៅ​ជា​សត្រូវ​ខ្លួន​ឯង​នឹង​អ្នក​ដទៃ " ។

ចំណែក​សម្បត្តិ​មួយ​ទៀត គឺ​ចរិយា​សម្បត្តិ​ក៏​ជា​សម្បត្តិ​សំខាន់​មួយ​ទៀត​សម្រាប់​បុរស ស្ត្រី​ក្នុង​លោក​យើង​នេះ​ផង​ដែរ។ ចរិយាមាន​ន័យ​ថា​ប្រព្រឹត្ត​ត្រឹម​ត្រូវ​ ធ្វើ​ខ្លួន​ឲ្យ​ជា​មនុស្ស​ល្អ សុភាពរាបសា។
Unknown

Unknown

No comments:

Post a Comment

© 2014 Keo Thida, All rights Reserved -. Powered by Blogger.