ការតានតឹងចិត្ត
តើការតានតឹងចិត្តគឺជាអ្វី?
ការ តានតឹងចិត្តគឺជាការប្រែប្រួល ឬប្រតិកម្មនៃអារម្មណ៍ដែលកើតមាននៅពេលបុគ្គលជួបប្រទះហេតុការណ៍ រឺក៏បញ្ហាលំបាកផ្សេងៗក្នុងជីវិតរស់នៅដែលត្រូវប្រឈមមុខដោះ ស្រាយ។
បុព្វហេតុនសការតានតឹងចិត្ត
ក្នុង ការរស់នៅប្រចាំថ្ងៃ ជាទូទៅយើងតែងតែជួបប្រទះបញ្ហាជាច្រើនដែលជាបុព្វហេតុធ្វើឲ្យ យើងតានតឹងចិត្តដូចជា ទំនាស់ក្នុងគ្រួសារ ជីវភាពក្រលំបាក បន្ទុកការងារច្រើនហួសពេក ការមិនយល់ចិត្តគ្នាការមិនចុះសម្រុងក្នុងការងារ ការបំពេញការងារពុំបានជោគជ័យ ការគិតព្រួយចំពោះហេតុការណ៍ក្នុងអនាគត និងជំងឺរ៉ាំរ៉ៃប្រចាំកាយជាដើម។
ចំពោះ យុវជនដែលកំពុងតែស្ថិតក្នុងវ័យសិក្សា ជាទូទៅ គេអាចមានអារម្មណ៍តានតឹងនៅពេលជិតប្រឡង កំពុងប្រឡង ដឹងថាប្រឡងធ្លាក់ ពេលមិនចុះសម្រុងជាមួយមិត្តភក្តិ ជាមួយគូស្នេហ៍ ជាមួយគ្រួសារ ពេលទទួលការស្ដីបន្ទោសពីអាណាព្យាបាល ឬពីគ្រូប្រចាំថ្នាក់ ពេលឪពុកម្ដាយឬបងប្អូនឈ្លោះទាស់ទែងបែកបាក់គ្នា ពេលឪពុកម្ដាយ អាណាព្យាបាល ឬ សមាជិតក្នុងគ្រួសារសេពគ្រឿងញៀនរហូតបាត់ ហើយបាត់បង់ស្មារតី ហើយបង្កបញ្ហាអវិជ្ជមានផ្សេងៗក្នុងគ្រួសារ ពេលស្ថិតនៅក្នុងស្ថានភាពទីទាល់ក្រ ខ្វះខាតប្រាក់កាសក្នុងការរៀនសូត្រ ភាពអត់ការងារធ្វើរួមនឹងបញ្ហាផ្សេងៗជាច្រើនទៀត។
អាការៈនៅពេលមានការតានតឹងចិត្ត
- អាការៈផ្នែកអារម្មណ៍ និងចិត្ត
នៅក្នុង ពេលដែលយើងប្រឈមមុខនឹងបញ្ហាស្មុគស្មាញដែលបង្កឲ្យមានការតាន តឹងចិត្ត អារម្មណ៍របស់យើងមានការប្រែប្រួលដែលងាយនឹងធ្វើឲ្យយើងមួម៉ៅ ឆេវឆាវ ឆាប់ខឹងច្រឡោត នឿយណាយធុញថប់ក្នុងអារម្មណ៍ ភ្លេចភ្លាំងច្រើន ខ្វល់ខ្វាយគិតព្រួយច្រើន ពិបាកផ្ទង់អារម្មណ៍ក្នុងការបំពេញការងារស្រងូតស្រងាត់។ អាការៈឆាប់ខឹងច្រឡោតជារឿយៗជំរុញឲ្យអ្នកតានតឹងចិត្តបង្កើតអំពើ ហិង្សា។
- អាការៈផ្នែករាងកាយ
អស់ កម្លាំង ឈឺក្បាល ចុករោយសាច់ដុំ បរិភោគអាហារមិនបាន ទទួលទានដំណេកមិនលក់ ណែនទ្រូង ដង្ហើមផុតៗ ឆ្អល់ពោះ គ្មានអារម្មណ៍ផ្នែកផ្លូវភេទ ចំពោះស្ត្រីអាចមានរដូវពុំទៀងទាត់។
- អាការៈនៃអាកប្បកិរិយា
រសាប់រសល់ មិនរួសរាយរាក់ទាក់ អសកម្មក្នុងការបំពេញការងារផ្សេងៗ ងាយមានទំនាស់ជាមួយគេឯង។ បុគ្គលខ្លះគិតខុសក៏យកបារី ស្រា គ្រឿងញៀនផ្សេងៗធ្វើជាមធ្យោបាយបំបាត់ភាពតានតឹង។
មធ្យោបាយបំបាត់ការតានតឹងចិត្ត
នៅ ពេលដែលយើងមានអារម្មណ៍តានតឹង និងស្មុគស្មាញក្នុងចិត្ត យើងត្រូវខិតខំពង្រឹងផ្លូវចិត្តរបស់យើងឲ្យបានរឹងមាំជាប្រចាំ ហើយគប្បីរកវិធីដោះស្រាយ ដើម្បីឲ្យការរស់នៅរបស់យើងប្រកបដោយស្ថានភាពល្អប្រសើរ។ មធ្យោបាយបំបាត់ការតានតឹងផ្លូវចិត្តមានច្រើនបែបយ៉ាងប៉ុន្តែយើង អាចអនុវត្តវិធីងាយៗមួយចំនួនដូចជា
- រកវិធីដោះស្រាយល្អៗ បណ្ដុះគំនិតសុទិដ្ឋិនិយមប្រកបដោយទស្សនវិជ្ជមាន ព្រមទាំងមានក្ដីសង្ឃឹមជានិច្ចចំពោះអនាគត។
- ទទួលទានអាហារឲ្យទៀងទាត់ពេលវេលា សម្រាកឲ្យគ្រាប់គ្រាន់ និងធ្វើកិច្ចការកម្សាន្តសប្បាយផ្សេងៗដែលយើងចូលចិត្តដូចជា ការថែសួន ថែច្បារដំណាំ ថែសត្វចិញ្ចឹម ឬធ្វើកិច្ចការផ្ទះផ្សេងៗ ។ល។
- ជួបសំណេះសំណាលជាមួយមិត្តភក្ដិ ឬអ្នកដែលជិតស្និតបំផុត ដើម្បីនិយាយពីអារម្មណ៍មួហ្មងទាំងអស់ប្រាប់គ្នាទៅវិញទៅមក។
- ពិគ្រោះបញ្ហាជាមួយអ្នកដែលយើងទុកចិត្តនិងរាប់អានបំផុត ដើម្បីឲ្យគេជួយផ្ដល់កម្លាំងចិត្តក្នុងការដោះស្រាយបញ្ហាដែលយើង ជួបប្រទះ។
- ស្ដាប់ឱវាទចាស់ព្រឹទ្ធាចារ្យ ឬព្រះសង្ឃ។
- លេងកីឡា ស្ដាប់ភ្លេង ទស្សនាភាពយន្ត រឿងកំប្លែង ការប្រគំតន្ត្រី ដើរកម្សាន្តលំហែកាយ ឬចូលរួមការងារសង្គមផ្សេងៗ។
- សម្រាកមួយរយៈពីការសិក្សា ឬការងារ ហើយចាប់ផ្ដើមឡើងវិញ។
- ព្យាយាមធ្វើលំហាត់ចិត្តកាយ និង សមាធិ ដែលជាធម្យោបាយហាត់រៀនគ្រប់គ្រងអារម្មណ៍ និងហាត់ពត់ចិត្តឲ្យមានភាពរឹងមាំ។
- ប្រតិបត្តិតាមជំនឿសាសនាដូចជាការបន់ស្រន់ សែនព្រេនជាដើម ប្រសិនបើយើងមានជំនឿ។
No comments:
Post a Comment