Breaking News
recent

តើអ្វីទៅជាជំងឺខ្វះមនសិការ?

ជំងឺខ្វះមនសិការកំពុងតែកើតទ្បើងនៅក្នុងសង្គមខ្មែរ
នៅពេលដែល ​សង្គម​ខ្មែរ​ចេះតែ​វិវត្តន៍​ទៅមុខ​ជានិច្ច​នោះ ការ​ប្រាថ្នា​ចង់បាន​របស់​បុគ្គល​ចេះតែ​កើនឡើង។ ការចង់បាន​ដោយ​គ្មាន​ហេតុ គ្មាន​ផល​ត្រឹមត្រូវ​នេះ គឺ​កើតឡើង​ដោយសារតែ សង្គម​ខ្មែរ នាពេល​បច្ចុប្បន្ន ចាប់ផ្តើម​បាត់បង់​មនសិការ និង​សីលធម៌​បន្តិចម្តង។ 
មនសិការ គឺជា​ពន្លឺ​នៃ​ការយល់ដឹង​ដែល​អាច​កំណត់​ក្នុង​ចិត្ត​និង​បែងចែក​អំពើ​កុសល​ ចេញពី​អំពើ​អកុសល។ វា​ជា​មូលដ្ឋាន​ដែល​ជំ​រុញឱ្យ​មនុស្ស​ធ្វើអំពើ​ល្អ និង​ទប់ស្កាត់​មិនឱ្យ​ធ្វើអំពើ​អាក្រក់។ លើសពីនេះទៅទៀត មនសិការ ជួយ​ឱ្យ​មនុស្ស​យល់ដឹង​ពី​ភារកិច្ច កាតព្វកិច្ច និង​ទំនួល​ខុសត្រូវ​របស់ខ្លួន ព្រមទាំង​ធ្វើឱ្យ​ពួកគេ​មាន​ស្វ័យគ្រប់គ្រង។ ជាទូទៅ សង្គម​ខ្មែរ​បច្ចុប្បន្ន ត្រូវបាន​គេ​មើលឃើញថា មនុស្ស​មួយចំនួន​ស្ទើរតែ​បាត់បង់​មនសិការ​អស់​ទៅហើយ ទាំង​កម្រិត​បុគ្គល កម្រិត​គ្រួសារ កម្រិត​ស្ថាប័ន និង​កម្រិត​ជាតិ។

ក្នុង​កម្រិត​បុគ្គល យើង​បាន​សង្កេតឃើញថា មាន​បុគ្គល​មួយចំនួន​បានធ្វើ​អំពើអាក្រក់​ចំពោះ​អ្នកដទៃ រួមទាំង​ខ្លួនឯង​ផងដែរ។ ការធ្វើ​អំពើអាក្រក់​ចំពោះ​អ្នកដទៃ មានដូចជា ការប្រើ​អំពើហិង្សា​ចំពោះ​អ្នកដទៃ ការ​លួច ការ​ឆក់ ការ​ប្លន់ ការចាប់រំលោភ​សេពសន្ថវៈ ការមិន​គោរព​ច្បាប់​ចរាចរណ៍ ដូចជា ការបើកបរ​ហួស​ល្បឿន​កំណត់​ដែល​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​អ្នកដទៃ បង្ក​របួសស្នាម និង​សម្លាប់​មនុស្ស​ជាយថាហេតុ, ការប្រើប្រាស់​ដោយ​ខ្ជៈ​ខ្ជាយ​នូវ​ទឹក ភ្លើង ឬ​សម្ភារៈផ្សេងៗ ដែលជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ ឬ​របស់​ឯកជន​នៅក្នុង​ក្រសួង ស្ថាប័ន ផ្ទះសំណាក់ សណ្ឋាគារ ក្រុមហ៊ុន ជាដើម។ ការធ្វើ​អំពើអាក្រក់​ចំពោះ​ខ្លួនឯង មានដូចជា ការផឹក​គ្រឿង​ស្រវឹង​លើស​កម្រិត, ការជក់បារី, ការប្រើប្រាស់​គ្រឿងញៀន, ការបង្ក​របួស​ស្នា​លើ​រាងកាយ​ខ្លួនឯង, ការធ្វើអត្តឃាត ជាដើម។    

ក្នុង​កម្រិត​គ្រួសារ យើង​សង្កេតឃើញថា ប្ដី ប្រពន្ធ ឪពុកម្ដាយ ឬ​កូន​មួយចំនួន មិនសូវ​ស្គាល់​ច្បាស់​ពី​សិទ្ធិ និង​ទំនួល​ខុសត្រូវ​របស់ខ្លួន​ទេ ព្រមទាំង​មិនបាន​បំពេញ​តួនាទី ភារកិច្ច និង​កាតព្វកិច្ច​របស់ខ្លួន​បាន​ពេញលេញ​ឡើយ។ កត្តា​នេះ នាំឱ្យ​គ្រួសារនីមួយៗ ខ្វះ​សណ្ដាប់ធ្នាប់ របៀបរៀបរយ ការយោគយល់​គ្នា ការជួយ​គ្នា ការរីកចម្រើន និង​សុខដុម​នីយកម្ម។ ផ្ទុយទៅវិញ ជម្លោះ អំពើហិង្សា និង​ការ​លែងលះគ្នា។ល។ បានកើត​ឡើងជា​បន្តបន្ទាប់​គួរឱ្យកត់សម្គាល់ ដែល​បណ្ដាលឱ្យកូនៗរបស់​ពួកគេ​មួយចំនួន​ស្ថិតនៅ​ក្រៅ​ការគ្រប់គ្រង​របស់​ គ្រួសារ និង​បាន​ក្លាយទៅជា​អ្នក​បោះបង់​ការសិក្សា ជនអនាថា ក្មេង​ទំនើង ក្មេង​ញៀន​ថ្នាំ ជាដើម ដែល​បានរួម​ចំណែក​បង្ក​ភាពស្មុគស្មាញ​ដល់​សង្គម​ខ្មែរ។    

ក្នុង​កម្រិត​ស្ថាប័ន​សាធារណៈ យើង​បាន​សង្កេតឃើញថា ថ្នាក់ដឹកនាំ និង​មន្ត្រី​ក្រោមបង្គាប់​មួយចំនួន ហាក់ដូចជា​មិនសូវមាន​ឆន្ទៈ​មោះមុត​ក្នុងការ​បំពេញភារកិច្ច​ស្នូល​របស់ខ្លួន​ ឡើយ។ ថ្នាក់ដឹកនាំ​មួយចំនួន ក្នុង​ករណីខ្លះ ហាក់ដូចជា​យកចិត្តទុកដាក់​តែ​ទៅលើ​ការងារ​ពាក់​ពន្ធ​នឹង​នយោបាយ​នៃ​បក្ស​ របស់ខ្លួន ច្រើនជាង​ការងារ​ជំនាញ​របស់​ក្រសួង ស្ថាប័ន។ មន្ត្រី​ខ្លះ​ក្នុង​ក្រសួង ស្ថាប័ននីមួយៗ ដែល​បំពេញការងារ​ទាក់ទង​នឹង​ផ្នែក​នានា ដែល​អាច​កិបកេង​ប្រាក់ ឬ​ផល​លាភផ្សេងៗរបស់​ក្រសួង ស្ថាប័ន ហាក់ដូចជា បង្ហាញឱ្យឃើញថា មាន​ភាព​សកម្ម​ជាង​មន្ត្រី​ដទៃ​ដែល​ទទួល​បានតែ​ប្រាក់ខែ​សុទ្ធ និង​មិនបាន​ទទួលផល​លាភ ឬ​កម្រៃផ្សេងៗទៀត។ មន្ត្រី​តូចតាច​ដែល​មិនអាច​ទ្រទ្រង់​ជីវភាព​របស់ខ្លួន​បាន​ដោយ​ពឹង​ផ្អែកលើ​ តែ​ប្រាក់ខែ​របស់ខ្លួន ពួកគេ​ឆ្លៀត​លួច​ម៉ោង​ការងារ​រដ្ឋ​ខ្លះទៅ​បំពេញការងារផ្សេងៗ ដើម្បី​បង្គ្រប់​ជី​វិភាព​របស់ខ្លួន។

ម្យ៉ាងទៀត បើ​និយាយ​ពី​ការប្រើប្រាស់​ថវិការ​ជាតិ ទឹក ភ្លើង និង​ព្រ​ទ្យ​សម្បត្តិ​រួមផ្សេងៗទៀត​របស់​ក្រសួង ស្ថាប័ន​វិញ ត្រូវបាន​គេ​មើលឃើញថា បុគ្គលិក មន្ត្រីរាជការ​ភាគច្រើន បាន​ប្រើប្រាស់​ដោយ​ខ្ជះខ្ជាយ និង​គ្មាន​ការយកចិត្តទុកដាក់​ក្នុងការ​ថែរក្សា​ឡើយ ដូចជា ការខិតខំ​បំប៉ោង​ចំណាយ ការប្រើប្រាស់​មធ្យោបាយ​ដឹកជញ្ជូន​របស់​រដ្ឋ​ដោយ​ខ្វះ​ការថែរក្សា ការបើក​ភ្លើង​ចោល ការបើក​ម៉ាស៊ីនត្រជាក់​ចោល ការប្រើ​ទឹក​ខ្ជះខ្ជាយ ការមិន​សម្អាត​បន្ទប់​ទឹក​រួម។ល។

ចំពោះ​គណបក្សនយោបាយ​វិញ ដោយសារតែ​ពួកគេ​ចង់​ប្រកួតប្រជែង​យក​អំណាច គេ​បាន​ប្រើប្រាស់​គ្រប់​វិធី​ទាំង​ល្អ ទាំង​អាក្រក់ ទោះបីជា​អសីលធម៌ និង​ល្មើសច្បាប់​ក៏ដោយ ធ្វើយ៉ាងណា​ឱ្យតែ​ពួកគេ​រក្សា​អំណាច​បាន ទាក់ទាញ​ការចាប់អារម្មណ៍ ឬ​ការគាំទ្រ​ពី​មហាជន។ តាមពិតទៅ ទោះបីជា​គណបក្សនីមួយៗត្រូវ​ប្រកួតប្រជែង​គ្នា​ដើម្បី​ស្វែងរក​ការគាំទ្រ និង​ដើម្បី​រក្សា​អំណាច​ក៏ដោយ ក៏​ពួកគេ​មិនត្រូវ​ធ្វើការ​សម្រេចចិត្ត និង​ប្រព្រឹត្ត​ផ្ទុយ​ពី​គោលការណ៍​សីលធម៌ គោលការណ៍​សិទ្ធិមនុស្ស ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ​ដែរ។ គណបក្សកាន់អំណាច​មិនត្រូវ​ឆ្លៀត​យក​អំណាច កងកម្លាំង និង​ធនធាន​របស់​រដ្ឋ​មកប្រើប្រាស់​ដើម្បី​យក​ប្រៀប​លើ​គណបក្ស​ដទៃ​នោះទេ។ ឯ​គណបក្សប្រឆាំង​វិញ​ក៏​មិនត្រូវ​ប្រើប្រាស់​សិទ្ធិ​រិះគន់​គណបក្សកាន់អំណាច ​ដោយ​គ្មាន​មូលដ្ឋាន មិន​សម​ហេតុផល មិន​ឆ្លុះបញ្ចាំង​ពី​សច្ចភាព និង​គ្មាន​ភស្តុតាង​ច្បាស់លាស់​នោះដែរ។    ចំពោះ​ន្ត្រី​សង្គម​ស៊ីវិល​វិញ​ក៏​ដូចគ្នា​ដែរ ក្រៅពី​កា​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​សង្គម​ខ្មែរ, ពួកគេ​មួយចំនួន​ក៏ត្រូវ​បាន​គេ​មើលឃើញថា បាន​ប្រព្រឹត្ត​កំហុសឆ្គង​មួយចំនួន​ដែរ ដូចជា ការធ្វើសកម្មភាព​បម្រើឱ្យ​បក្សនយោបាយ​ណាមួយ ការ​បំប៉ោង​សភាពការណ៍​ពិត​នៃ​តថភាព​ក្នុងសង្គម​ខ្មែរ ដើម្បី​ផ្គាប់ចិត្ត​ម្ចាស់ជំនួយ ដើម្បី​ក្លែងបន្លំ​ភស្តុតាង​ធ្វើជា​កម្មវត្ថុ ជា​មូលដ្ឋាន ឬ​ជា​ហេតុផល​ក្នុងការ​បន្ត​សុំ​មូលនិធិ​ទ្រទ្រង់​គម្រោង និង​សកម្មភាព​នៃ​ស្ថាប័ន​របស់ខ្លួន ជាដើម។

តាមពិត ដើម្បី​រួមចំណែក​កសាង​សុខដុមរមនា​នៅក្នុង​សង្គម​ខ្មែរ សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ​ទាំងអស់ ត្រូវតែ​បំពេញ​មុខងារ​ឱ្យបាន​ត្រឹមត្រូវ និង​បំពេញ​មុខងារ​ក្នុងនាម​ជា​ដៃគូ​បំពេញបន្ថែម​ឱ្យ​គ្នា​ទៅវិញទៅមក​ ក្នុងចំណោម​ស្ថាប័នរដ្ឋ ស្ថាប័ន​សេដ្ឋកិច្ច​ទីផ្សារ និង​ស្ថាប័នផ្សេងៗទៀត។

ប្រសិនបើ​ស្ថាប័ន​សង្គម​ស៊ីវិល​មិនបាន​បំពេញ​តួនាទី​របស់ខ្លួន​បាន​ ត្រឹមត្រូវ​ទេ ស្ថាប័ន​នេះ​មិន​ត្រឹមតែ​មិនបាន​ផ្ដល់​ការការពារ​និង​ការលើកកម្ពស់​សិទ្ធិពល ​រដ្ឋ សេរីភាព យុត្តិធម៌ ប្រជាធិបតេយ្យ ការអភិវឌ្ឍ និង​សុខដុមរមនា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែមទាំង​បាន​ដើរតួនាទី​ជា​អ្នក​បំប៉ោង​ការណ៍​ពិត បង្កជម្លោះ ញុះញង់​ឱ្យមាន​ទំនាស់​ផលប្រយោជន៍ បង្ក​លក្ខខណ្ឌ​ឱ្យមាន​បញ្ហា​សង្គម​កាន់តែ​ច្រើនឡើង ជំ​រុញឱ្យ​មន្ត្រី​ខិលខូច​កាន់តែ​មាន​ឡើង ធ្វើឱ្យ​ប្រជាពលរដ្ឋ​ក្លាយទៅជា​អ្នករងគ្រោះ ឬ​ចំណាប់ខ្មាំង និង​ធ្វើឱ្យ​ពួកគេ​កាន់តែ​ក្រីក្រ​ជាង​មុន។
ចំពោះ​ពាណិជ្ជករ​ក្នុង​វិស័យ​ឯកជន​វិញ​ក៏​មិន​ខុសគ្នា​ដែរ ថ្វីបើ​ជ្រុង​ម្ខាង ពួកគេ​បាន​ជួយ​ផលិត និង​ចរាចរណ៍​ទំនិញ ដែលជា​របស់​ប្រើប្រាស់​និង​ម្ហូបអាហារ សម្រាប់​បម្រើ​សង្គមមនុស្ស​ក៏ដោយ ក៏​ជ្រុង​ម្ខាង​ទៀត ពួកគេ​បាន​ប្រើប្រាស់​វិធី​អសីលធម៌ និង​ល្មើសច្បាប់​ដើម្បី​បំពេញ​មហិច្ឆតា​នៃ​ការប្រកួតប្រជែង និង​ប្រាក់ចំណេញ​របស់ខ្លួន។ ហេតុនេះហើយ​បានជា​យើង​សង្កេតឃើញ​មាន​អំពើ​អសីលធម៌ អំពើ​ល្មើសច្បាប់ អំពើ​អយុត្តិធម៌ ទំនាស់​ផលប្រយោជន៍ ការបោកប្រាស់​និង​ឧក្រិដ្ឋកម្ម ដែល​តែងតែ​កើតឡើង​នៅក្នុង​វិស័យនេះ​នៅ​កម្ពុជា​បច្ចុប្បន្ន។

លើសពីនេះ​ទៀត ទំនិញគេចពន្ធ ផលិតផល​ខូចគុណភាព ផលិតផល​ក្លែងក្លាយ ម្ហូបអាហារ​មាន​ជាតិគីមី​លើស​កម្រិត​សុវត្ថិភាព ការរំលោភ​លើ​សេចក្ដីទុកចិត្ត ឬ​ការមិន​គោរព​កិច្ចសន្យា​ក្នុង​វិស័យ​ជំនួញ ទំនាស់​ផលប្រយោជន៍ ការមិន​គោរព​និង​ឱ្យ​តម្លៃ​លើ​សេចក្ដីថ្លៃថ្នូរ​របស់​មនុស្ស​រវាង​និយោជិត​ និង​និយោជក ការរំលោភ​សិទ្ធិមនុស្ស​ពី​ភាគី​ដែល​ខ្លាំង​ជាង និង​ការដោះស្រាយ​បញ្ហា​ដោយ​ហិង្សា ជាដើម បាននិងកំពុង​កើត​ឡើងជា​បន្តបន្ទាប់​នៅ​កម្ពុជា។ តាមពិត ថ្វីដ្បិតតែ​វិស័យ​ឯកជន គឺជា​វិស័យ​មួយ​ដែល​ផ្ដោត​ការយកចិត្តទុកដាក់​ជាសំខាន់​ទៅលើ​ប្រាក់ចំណេញ​ ក៏ដោយ ក៏​វា​មិនត្រូវ​ឃ្លាតឆ្ងាយ ឬ​នៅ​ពីលើ​គោលការណ៍​សីលធម៌ គោលការណ៍​ច្បាប់ និង​កាតព្វកិច្ច​នៃ​ទំនួល​ខុសត្រូវ​សង្គម​ដែរ។

ក្នុង​កម្រិត​ថ្នាក់ដឹកនាំ​ជាតិធំៗវិញ សាធារណៈមតិ​ជាតិ និង​អន្តរជាតិ យល់ថា ហាក់ដូចជា មិនបាន​បង្ហាញឱ្យឃើញ​ពី​ការគិតគូរ​ខ្លាំងក្លា​អំពី​ផលប្រយោជន៍​រួម​របស់​ ជាតិ​នេះឡើយ។ អ្នកខ្លះ​យល់ថា ពួកគេ​ហាក់ដូចជា គិតតែ​ពី​ការខិតខំ​រិះរក​វិធី​ធ្វើយ៉ាងណា ដើម្បី​រក្សា​អំណាច​របស់ខ្លួន​ឱ្យបាន​រឹងមាំ ដែល​អាច​កាន់អំណាច​បា​ន​យូរ និង​ប្រមូល​ផលប្រយោជន៍​ឱ្យបាន​កាន់តែច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន​សម្រាប់​ បក្សពួក និង​សាច់ញាតិ​របស់ខ្លួន​តែប៉ុណ្ណោះ។ ក្នុង​ករណីខ្លះ ដើម្បី​រក្សា​អំណាច និង​ដើម្បី​បំពេញ​មហិច្ឆតា​របស់ខ្លួន ពួកគេ​បានធ្វើ​អំពើ​ខុសឆ្គង​មួយចំនួន​មកលើ​ប្រជាជន​ក្រីក្រ​និង​ទន់ខ្សោយ ដូចជា ការបង្ក្រាប​ដោយ​ហិង្សា ការបណ្ដេញ​ប្រជាជន​ចេញពី​តំបន់​ណាមួយ​ដោយ​បង្ខំ​និង​គ្មាន​សំណង​សមស្រប ក្រោមរូបភាព​អភិវឌ្ឍ៍, ការប្រព្រឹត្ត​អំពើពុករលួយ, និង​ការប្រើ​យន្តការ​តុលាការ​ដើម្បី​ដណ្ដើមយក​ផលប្រយោជន៍​ដីធ្លី ឬ​ផលប្រយោជន៍ខាង​នយោបាយ ជាដើម។

ជា​សរុប យោងតាម​ការលើកឡើង​ខាងលើ យើង​អាច​និយាយបានថា អំពើអាក្រក់​ទាំងអស់​ដែល​បានកើត​ឡើង​ដូច​បាន​រៀបរាប់​ដោយ​សង្ខេប​មកនេះ គឺ​បណ្ដាលមកពី​កង្វះ​មនសិការ កង្វះ​ការអប់រំ​និង​ការលើកកម្ពស់​សីលធម៌, ទម្លាប់​អាក្រក់, និ​ទណ្ឌ​ភាព, អំពើពុករលួយ, សម្ពាធ​ជីវភាព, និង​ភាពកម្សោយ​នៃ​ការអនុវត្ត​ច្បាប់ ជាដើម។ ការលើក​នូវ​ចំណុច​អវិជ្ជមាន​មួយចំនួន​មក​រំលេច​នេះ មិន​មានន័យថា សង្គម​ខ្មែរ​ទាំងមូល​ពោរពេញ​ដោយ​ភាព​ខ្មៅ​ង​ងិ​ត​នោះទេ ប៉ុន្តែ គ្រាន់តែ​ចង់បង្ហាញ​អ្នកអាន​ឱ្យដឹងថា បញ្ហា​ទាំងអស់​ដែល​បាន​រៀបរាប់​ខាងលើនេះ ពិតជា​កំពុង​កើតមាន​នៅក្នុង​សង្គមរ​បស់​យើង​ពិតប្រាកដ​មែន ពី​ព្រោះតែ​កង្វះ​មនសិការ​នោះឯង៕ 
Unknown

Unknown

No comments:

Post a Comment

© 2014 Keo Thida, All rights Reserved -. Powered by Blogger.