Breaking News
recent

ហ្វឹកហាត់​ទទួលយក​ការពិត

 ហ្វឹកហាត់​ទទួលយក​ការពិត

មនុស្សយើង​ត្រូវហ្វឹក​ហាត់ ឱ្យចេះទទួល​យកនូវរបស់ ដែល​គេចមិនផុត ដោយ​សេចក្តីស្ងប់ ។ មនុស្សខ្លះ​ទោះជា បានដឹងហើយថា វាត្រូវតែ​យ៉ាង​ហ្នឹង​ឯង មិនអាច​គេច​ជៀស ទៅ​ណា​រួច​ឡើយ​ តែ​នៅមិន​ព្រមសុខ​ចិត្ត​ដដែល នៅតែ កន្ទក់កន្ទេញ គិត​តែពី​សោកសៅ​ខូចចិត្ត ឬមិន​ដូច្នោះ​ទេ ក៏ច្រើន​ទៅដោយ​ទោសៈ ឃើញ​អ្នក​ណាៗ ឬរបស់​អ្វីៗចេះ​តែ ទាស់​មុខ​ទាស់​មាត់​ទៅ​ទាំង​អស់ ។ ការមិនព្រម​សុខចិត្តចំពោះ​សភាវៈពិត ចេះតែ​សោក​សៅ ឬខឹង​ក្រោធនោះ មិនអាច​ធ្វើឱ្យ​សេចក្តី​ទុក្ខ សូម្បី​តែ បន្តិច​បន្តួច​ថយចុះបាន​ឡើយ មានតែ​បន្ថែមពី​លើទុក្ខ​ដែល មាន​ស្រាប់​ហើយ ឱ្យរឹង​រឹតតែ​ច្រើន​ឡើង​ទៀត ។ ព្រោះហេតុ​ដូច្នេះ មនុស្សឆ្លាត​ទើបអប់រំ​ចិត្តឱ្យចេះ ទទួល​ស្វាគមន៍នូវ​អ្វីដែល​គេចមិនផុត ដោយ​សេចក្តី​ស្ងប់ ។ កាលបើ​មាននូវសេចក្តី​ស្ងប់ក្នុង​ចិត្តហើយ ហេតុ​ការណ៍ អាក្រក់ ឬ​ហេតុ​ការណ៍​ដែលយើង​គិតថា​អាក្រក់នោះ ក៏​នឹង បានល្អ​ឡើងវិញ ម៉្យាង​ទៀត ហេតុ​ការណ៍​ដែល​យើង​គិត​ថា អាក្រក់​ក្នុងពេលនេះ អាច​ត្រឡប់ក្លាយ​ទៅជាមាន​ផលល្អ នៅពេល​ខាងមុខ​ក៏​បាន​ ។ 

រឿងរ៉ាវផ្សេង ​ទៀតមាន​ច្រើនសន្ធឹក​សន្ធាប់​ណាស់ ដែលក្រោយមក​បានក្លាយ​ទៅជា​រឿងល្អ​សម្រាប់​ជីវិត ព្រោះ ហេតុដូច្នេះ អ្វីៗដែល​កើតឡើង អ្វីៗដែល​បានមក​ដល់ ទាំង ដែលយើង​មិនអាច​គេច​ឱ្យផុតទៅ​បាន សូមឱ្យយើង​ទទួល ស្វាគមន៍​ដោយចិត្ត​ស្ងប់ និងចាត់​ទុករឿង​រ៉ាវ​ក្នុង​ជីវិត ជា មេរៀន ឯជីវិតជា​កន្លែង​ហ្វឹកហាត់ ។

ក្មេងដែល​នៅ​ជាមួយម៉ែឪ ឬដែល​នៅជាមួយ​គ្រូអាចារ្យ ដែលម៉ែឪ​ឬគ្រូ​អាចារ្យ​នោះៗ​មានកា​រ​តឹង​តែង ប្រិតប្រៀនទូន្មាន​ប្រដៅ បើធ្វើខុស​ត្រូវទទួលទោស ទទួល​ទណ្ឌកម្ម យ៉ាងនេះ ក្មេង​នោះ​ឯងរមែងមិន​ពេញចិត្ត និង​មានការ ចង្អៀត​ចង្អល់ដោយ​ប្រការផ្សេងៗ ។ ក្មេងនោះ​គេបាន​ទទួល នូវសេចក្តី​លំបាកខ្លះ ក្នុងរយៈពេល​នៃជីវិតខាង​ដើមរបស់គេ ប៉ុន្តែ​លុះដល់​គេបាន​ធំឡើង គេនឹកអរគុណ​ចំពោះឪពុកម្តាយ អរគុណ​ដល់គ្រូអាចារ្យ គឺគេ​ដឹងគុណ​ថា ដែលអាត្មា​អញបាន មកដល់​ថ្នាក់នេះ ព្រោះ​លោកអ្នកទាំង​នោះ បាន​តឹងតែង ប្រិតប្រៀន​ទូន្មាន​មកហ្នឹងឯង ។

ចំណែកក្មេង​ដែលធ្វើអ្វី​បាន ស្រេចតែ​នឹងចិត្ត រស់នៅគិតតែ​ពីសប្បាយ លុះ​ដល់ជួប​ប្រទះ នូវសេចក្តី​លំបាកក្នុង​វ័យខាង​ចុង ទើបដឹង​ខ្លួនថា មាន​ការ ខុសទៅ​ហើយ ក្នុងការរៀបចំ​ដំណើរជីវិត​ខាងដើម​របស់ខ្លួន នោះ ។

នៅក្នុង​ព្រះពុទ្ធ​សាសនា ព្រះពុទ្ធ​ជាអង្គម្ចាស់​ទ្រង់ ត្រាស់​ដាស់តឿន​ថា សភាវៈ​ដែល​យើង​គេចមិន​ផុតគឺ ចាស់ ឈឺ ស្លាប់ ព្រាត់ប្រាស​និងផល​វិបាករបស់​កម្មដែលខ្លួនបាន​ធ្វើ ហើយ ព្រះអង្គទ្រង់​ដាស់តឿនឱ្យយើង​ពិចារណាជារឿយៗ ។
- See more at: http://5000-years.org/?page=detail&menu1=&ref_id=&ctype=article&id=1834&lg=#sthash.kWavy58y.dpuf

Unknown

Unknown

No comments:

Post a Comment

© 2014 Keo Thida, All rights Reserved -. Powered by Blogger.