Breaking News
recent

ការ​ស្រឡាញ់​ស្មើ​ដោយ​ខ្លួន​មិន​មាន,​ ​ទ្រព្យស្មើដោយស្រូវមិនមាន, ពន្លឺស្មើដោយបញ្ញាមិនមាន, ភ្លៀងហ្នឹងឯងប្រសើរក្រៃលែងជាងស្រះ






ការ​ស្រឡាញ់​ស្មើ​ដោយ​ខ្លួន​មិន​មាន​

<<ការស្រទ្បាញ់ស្មើដោយខ្លួនមិនមាន, ទ្រព្យស្មើដោយស្រូវមិនមាន, ពន្លឺស្មើដោយបញ្ញាមិនមាន, ភ្លៀងហ្នឹងឯងប្រសើរក្រៃលែងជាងស្រះ>>





អធិប្បាយសង្ខេប
ការស្រទ្បាញ់់វត្ថុមានវិញ្ញាណ និងឥតវិញ្ញាណហើយប្រឹងប្រែងស្វែងរកទាំងថ្ងៃទាំងយប់មិនគិតអំពី ការនឿយ​ហត់​ ព្រួយ​លំបាក​ឬ​យ៉ាងណា​ៗ ឲ្យ​តែ​ពី​ខាង​មាន​បាន​តាម​បំ​ណង​របស់​ខ្លួន​ ឯ​វត្ថុ​អស់​ទាំង​នោះ​សោត​ក៏​គ្រាន់​តែ​ជា​គ្រឿង​ទំនុក​បម្រុង​ជប់​លៀង​អាយុ​ជីវិត​របស់​ខ្លួន ឲ្យ​បាន​គង់​វង្ស​ និង​សុខ​ស្រួល​ប៉ុណ្ណោះ ត្រង់​នេះ​ស​ឲ្យ​ឃើញ​ថា​ការ​ស្រទ្បាញ់​វត្ថុ​ទាំង​នោះ​មិន​​ស្មើ​ការ​ស្រទ្បាញ់​ខ្លួន​ឯង​ទេ,​ ឯការ​ស្រទ្បាញ់​ខ្លួន​ពោល​គឺ​ អត្តភាព​នេះ​មាន​ការ​ងូត​ទឹក ដុស​ក្អែល​ សម្អាត​ខ្លួន​ឲ្យ​ស្អាត​ល្អ​ ស្លៀក​ពាក់​ខោ​អាវ​ត្រឹម​ត្រូវ​ តាម​សម័យនិយម​ ជប់លៀង​បំ​ប៉ន​ខ្លួន​ដោយ​បាយ​ នំ​ ចំណី ត្រី​សាច់​ ឲ្យ​ធាត់​ធំល្អ​ បោស​ច្រាស​សម្អាត​ភូមិ​ឋាន​លំ​នៅ​មិន​ឲ្យ​ស្មោក​គ្រោក​ ការពារ​ ឬកម្ចាត់​បង់​នូវ​រោគ​ដោយ​ឳសថ​ផ្សេងៗ​ជាដើម​ ទាំងនេះ​ឈ្មោះ​ថា​ស្រទ្បាញ់​ខ្លួន​ត្រឹម​ត្រូវ​តាម​វិធី​អនាម័យ​ ដោយ​ពិត​ទៅ​ហើយ​ ព្រោះ​ថា​ការ​ធ្វើ​អ្វី​ គិត​អ្វី និយាយអ្វី ​សុទ្ធតែ​ប្រារព្ធ​មកលើ​ខ្លួន​ឯង​ជា​មុន​ទាំង​អស់​។

((ការស្រទ្បាញ់ស្មើដោយខ្លួនមិនមាន))​  បើបណ្ឌិតដឹងថា​ខ្លួន​ជា​ទី​ស្រទ្បាញ់​ គប្បី​រក្សា​ខ្លួន​នោះ​ទុក​ឲ្យ​ល្អ​ គម្បី​ថែ​ទាំ​សម្អាត​ខ្លួន ក្នុង​វ័យ​ទាំង​៣ វ័យ​ណាមួយ​កុំ​ឲ្យ​ខាន​ទ្បើយ។ វ័យ​ទាំង​៣​ នោះ​គេ​កំណត់​យក​ទៅ​តាម​អា​យុ​របស់​មនុស្ស​ចំនួន​ ៧៥ឆ្នាំមក​បែង​ចែក​ជា៣​ ថ្នាក់​ ថ្នាក់​ដំបូង​ បឋមវ័យ(វ័យដំបូង​) ចាប់តាំង​ពី​ឆ្នាំ​ដែល​កើត​រហូត​ដល់​អាយុ​ ២៥ឆ្នាំ ថ្នាក់ទី២ បជ្ឈិមវ័យ (វ័យ​កណ្តាល)​ កំណត់ចាប់​ពី​អាយុ​ ២៦ឆ្នាំ រហូត​ដល់​អាយុ ៥០ឆ្នាំ ថ្នាក់​ទី៣ បច្ឆិមវ័យ (វ័យទីបំផុត)​ កំណត់​ចាប់​ពី​អាយុ ៥១ឆ្នាំ​ រហូតដល់​អាយុ ៧៥ឆ្នាំ។ ឯការរក្សា​ថែ​ទាំ​សម្អាត​ខ្លួន​ទុក​ ឲ្យ​ស្អាត​ ក្នុង​វ័យ​ទាំង​៣​នោះ​ ដូ​ច្នោះ​បើ​គ្រហស្ថ​គួរ​ធ្វើ​ការ​កុសល​មាន​ឲ្យ​ទាន​រក្សា​សីល​៥ សីល​៨ ចម្រើន​មេត្តា​ ភាវនា​ជាដើម​ តាម​កម្លាំង​ដែល​ខ្លួន​អាច​ធ្វើ​បាន​ ធ្វើ​យ៉ាង​នេះ​ហៅ​ថា​ស្រ​ទ្បាញ់ ខ្លួន បី​បាច់​រក្សា​ខ្លួន​ឲ្យ​ស្អាត​ល្អ​ពិត​ប្រាកដ។​
((ទ្រព្យស្មើដោយស្រូវមិនមាន)) ព្រោះស្រូវ​អាច​ចិញ្ចឹម​ជីវិត​របស់​មនុស្ស​វិសេស​ ជាង​ទ្រព្យ​ផ្សេងៗ​ដែល​មាន​នៅ​ក្នុង​លោក។ អ្វី​ក៏ដោយ​ឲ្យ​តែ​ក្រៅ​ពី​ស្រូវ​ ឬ​ក្រៅ​អំ​ពី​វត្ថុ​ ដែល​រាប់​បញ្ចូល​ទៅ​ក្នុង​ធញ្ញជាត​ ដូ​ច​ជា​មាស​ ប្រាក់ កែវកង ពេជ្យ ជាដើម វត្ថុទាំង​នេះ​ គ្រាន់​តែ​ជា​គ្រឿង​អលង្ការ​ សម្រាប់​តុប​តែង​ លម្អ​ខ្លួន​ប្រាណ​ របស់​មនុស្ស​ម្នាក់ៗ​តែ​ប៉ុណ្ណោះ​ មិនមែន​ជា​វត្ថុ​អាច​ញុំាង​អត្ត​ភាព​ ឲ្យ​ធំ​ធាត់​រស់​រាន​មាន​ជីវិត​នោះ​បាន​ទេ​ មាន​តែ​ស្រូវ​ ឬវត្ថុ​ដែល​រាប់​បញ្ចូល​ទៅ​ជា​មួយ​ធញ្ញ​ជាត​ ដូច​ពោត​ សណ្តែក​ជាដើម​អាច​ចិញ្ចឹម​អត្តភាព​របស់​មនុស្ស​ឲ្យ​ធំ​ធាត់​ រស់​រាន​មានជីវិត​បាន។ ឯ​មាស​ ពេជ្យ អស់​ទាំង​នោះ​មិន​អាច​ទទួល​ទាន​ ឫ​ជប់​ឲ្យ​រាង​កាយ​មនុស្ស​ធំ​ ធាត់​បាន​ទេ​។
((ពន្លឺស្មើដោយបញ្ញាមិនមាន)) ព្រោះ​បញ្ញា​ចាត់​ទុក​ជា​ពន្លឺ​មួយ​យ៉ាង​ល្អ​វិសេស​ ភ្លឺ​បាន​ទាំង​យប់​ ទាំង​ថ្ងៃ​ ក្រៃ​លែង​ជាង​ពន្លឺ​ដែល​មាន​នៅក្នុង​លោក មាន​ពន្លឺ​ព្រះ​អាទិត្យ​ ពន្លឺ​ព្រះ​ចន្រ្ទ​ជាដើម។ ពន្លឺ​អ្វីក៏​ដោយ​ឲ្យ​តែ​ក្រៅ​អំ​ពី​បញ្ញា លោក​ហៅ​ថា​ពន្លឺ​ទាំ​ងអស់​, ពន្លឺ​ទាំង​នោះ​មិន​ស្មើ​នឹ​ពន្លឺ​បញ្ញា​នោះ​ទេ។ ព្រោះ​ហេតុ​អ្វី? ព្រោះ​ថា​ពន្លឺ​ក្នុង​លោក​ទាំង​អស់​ ដូច​ជា​ពន្លឺ​ព្រះ​អាទិត្យ​ ពន្លឺ​ព្រះ​ចន្រ្ទ​ ក៏មិន​ស្មើ​ពន្លឺ​បញ្ញា​បាន​ដែរ ដោយ​ពន្លឺ​ព្រះ​អាទិត្យ​ ភ្លឺបាន​តែ​ពេល​ថ្ងៃ​ ឯពន្លឺ​ព្រះ​ចន្រ្ទ ភ្លឺ​បាន​តែ​ពេល​យប់​។ ការពិចារណា​ ឬ​ការ​ដឹង​ច្បាស់​លាស់​នូវ​អារម្មណ៍​ទាំង​ទ្បាយ​ មាន​រូប​ជាដើម​ បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ច្បាស់​នូវ​អតីត​ អនាគត​ និង​បច្ចុប្បន្ន​ ដឹង​ច្បាស់​នូវ​ហេតុ​អាក្រក់​ ល្អ​ គុណ​ ទោស​ ស្គាល់​កិច្ច​ ទាំង​ពួង​បាន​រាល់​ពេល​មិន​រើស​ថា​ យប់​ ឫ​ថ្ងៃ​ទ្បើយ។
((ភ្លៀងហ្នឹងឯងប្រសើរក្រៃលែងជាងស្រះ))​ ពី​ព្រោះ​ទឹក​ភ្លៀង​អាច​សម្រេច​ប្រ​យោជន៍​ទាំង​ពួង​បាន​។​ 
អន្លង់​ទឹក​ដែល​មាន​នៅ​ក្នុង​លោក​ទាំង​អស់​ ដូច​ជា​ទន្លេ​ ស្ទឹង​ បឹង​ សមុទ្រ​ទាំង​ទ្បាយ​ធំ​ តូច​ ទោះ​បី​មានទឹក​ច្រើន​ ហើយ​ជ្រៅ​យ៉ាង​ណា​ក៏ដោយ​ ក៏មិន​ស្មើ​នឹង​ទឹក​ភ្លៀង​ នោះ​ទេ​។ ព្រោះ​ហេតុអ្វី? ព្រោះ​ថា​អន្លង់​ទឹក​ទាំង​អម្បាល​នោះ​ ប្រើ​ការ​បាន​ខ្លះ​ តែ​មិន​បាន​សព្វ​គ្រប់​ដូច​ទឹក​ភ្លៀង​ទេ។ ឯ​ទឹក​ភ្លៀង​វិញ​ប្រើ​ការ​បាន​សព្វ​គ្រប់​ទិស​តំ​បន់​បាន​ បើ​ធ្វើ​ស្រែ​ក៏​បាន​ផល​ស្រូវ​ល្អ​ បើ​ធ្វើ​ចម្ការ​ក៏​បាន​ផលិត​ផល​បរិបូណ៌​។ តែ​បើ​ឆ្នាំ​ណា​មួយ​មិន​មាន​ទឹក​ភ្លៀង​ ឬមាន​ដែរ​ តែ​មិន​បរិបូណ៌​ក្នុង​ឆ្នាំ​នោះ​ មនុស្ស​ សត្វ ទាំង​ពួង​ មាន​សេចក្តី ទុក្ខ​ព្រួយ​ លំបាក​​ចំ​ពោះ​ជីវ​ភាព​ និង​សុខ​ភាព​ទាំង​រុក្ខ​ជាតិ​ក្នុង​ព្រៃ​ សោត​ក៏​ស្វិត​ស្រពោន​​​ មិនមាន​ការ​រីក​ចម្រើន​ លូតលាស់​ដុះ​ដាល​កើត​ទ្បើង​បាន​ទេ ក៏ដោយ​សារ​គ្មាន​ទឹក​ភ្លៀង។


Unknown

Unknown

No comments:

Post a Comment

© 2014 Keo Thida, All rights Reserved -. Powered by Blogger.