Breaking News
recent

អ្នកគ្រប់គ្រងត្រូវឆ្លើយតបគ្រប់រឿងដោយប្រើសិល្បះទន់ភ្លន់​!!

«គ្រូ​ កាច សិស្ស​ខូច»។ នេះ​ជា​គំនិត​ទស្សនវិជ្ជា ដែល​ចាស់ទុំ​ខ្មែរ​ចង់​ដាស់តឿន​ប្រជាជន​ខ្មែរ​ឱ្យ​អប់រំ​កូន សិស្ស ឬ​អ្នកក្រោមបង្គាប់​ដោយ​ប្រើ​វិធី​កណ្ដាល កុំ​កាច​ពេក តឹង​ពេក តែ​ក៏​កុំ​ស្លូត​ពេក​ដែរ។
 

ក្នុងការ​អប់រំ​កូន សិស្ស ឬ​អ្នកក្រោមបង្គាប់​របស់ខ្លួន ប្រសិនបើ​ឪពុកម្ដាយ លោកគ្រូ អ្នកគ្រូ ឬ​អ្នកដឹកនាំ​ដោយ​ប្រើ​វិធី​ស្លូត ឬ​ធូររលុង​ពេក កូន សិស្ស ឬ​អ្នកក្រោមបង្គាប់​របស់ខ្លួន មិន​ស្ដាប់បង្គាប់ មិន​យកចិត្តទុកដាក់​នឹង​ការរៀនសូត្រ ឬ​ការងារ​ឡើយ។ ជា​លទ្ធផល កូន  សិស្ស ឬ​អ្នកក្រោមបង្គាប់​របស់​ពួកគេ អាច​ក្លាយទៅជា​មនុស្ស​មិនមាន​សីលធម៌ រៀន​មិនចេះ មិនបាន​បំពេញភារកិច្ច កាតព្វកិច្ច​របស់ខ្លួន ឬ​ក្លាយទៅជា​មនុស្ស​ដែល​មិនសូវ
មាន​ប្រយោជន៍​សម្រាប់​គ្រួសារ ស្ថាប័ន និង​សង្គម។

ផ្ទុយទៅវិញ ប្រសិនបើ​ឪពុកម្ដាយ លោកគ្រូ អ្នកគ្រូ ឬ​អ្នកដឹកនាំ​ប្រើ​វិធី​តឹងតែង​ពេក ដោយ​មិន​គិតពី​លក្ខណៈ​ធម្មជាតិ​របស់​ម​នុស្ស សមត្ថភាព​ជាក់ស្ដែងរ​បស់​បុគ្គល ការលំបាក សុខទុក្ខ និង​សេចក្ដីត្រូវការ​របស់​កូន សិស្ស ឬ​អ្នកក្រោមបង្គាប់​របស់ខ្លួន​នោះ ប្រាកដ​ណាស់​ថា កូន សិស្ស ឬ​អ្នកក្រោមបង្គាប់​របស់​ពួកគេ អាច​បាក់​ទឹកចិត្ត មានការ​ភិតភ័យ ខ្សោយ​បញ្ញា មាន​ការមិន​ពេញចិត្ត មានគំនិត​គុំ​គួ​ន ព្រមទាំង​អាច​ប្រើល្បិច​ភូតភរ ឬ​អំពើហិង្សា​ដើម្បី​ឆ្លើយតប​ទៅនឹង​ភាព​តឹងតែង​របស់​ឪពុកម្ដាយ លោកគ្រូ អ្នកគ្រូ ឬ​អ្នកដឹកនាំ​របស់គេ​វិញ​ដែរ។ ជា​លទ្ធផល កូន សិស្ស ឬ​អ្នកក្រោមបង្គាប់​របស់​ពួក គេ​អាច​ក្លាយទៅជា​មនុស្ស​មិនមាន​សីលធម៌ រៀន​មិនចេះ ធ្វើការ​មិនកើត ឬ​ក្លាយទៅជា​មនុស្ស​ខិលខូច មិន​ស្មោះត្រង់ ដែល​អាច​ផ្ដល់​ភាពស្មុគស្មាញ​កាន់តែខ្លាំង​ដល់​គ្រួសារ ស្ថាប័ន និង​សង្គម។

ដូច្នេះ វិធី​ល្អ​បំផុត​សម្រាប់​ការអប់រំ​កូន សិស្ស ឬ​អ្នកក្រោមបង្គាប់ គឺ​ត្រូវប្រកាន់យក​ផ្លូវកណ្ដាល​មួយ ពោលគឺ​ត្រូវ​សំយោគ​រវាង​សេចក្ដីស្រឡាញ់​ពិត ហេតុផល និង​វិន័យ។ មានន័យថា​ឪពុកម្ដាយ លោកគ្រូ អ្នកគ្រូ ឬ​អ្នកដឹកនាំ ត្រូវ​ប្រើ​វិធី​ទន់ភ្លន់ អហិង្សា ប្រកបដោយ​សេចក្ដីស្រឡាញ់​ពិត ការយោគយល់ ការអនុគ្រោះ និង​ការពន្យល់​ហេតុផល​នៅពេលដែល​កូន សិស្ស អ្នកក្រោមបង្គាប់​របស់​ពួកគេ​មាន​កំហុស ប៉ុន្តែ​ពួកគេ​ក៏​គួរ​បង្ហាញថា​អំពើ​ណា​ខុស អំពើ​ណា​ត្រូវ អំពើ​ណា​គួរ​ធ្វើ និង​អំពើ​ណា​មិនគួរ​ធ្វើ​ផងដែរ។ ពួកគេ​មិនត្រូវ​ស្រឡាញ់​កូន សិស្ស ឬ​អ្នកក្រោមបង្គាប់​របស់ខ្លួន​រហូតដល់​មិនបាន​ទប់ស្កាត់ ឬ​មិន​គិត​អំពី​ត្រូវ​និង​ខុស​នោះទេ។

ការធ្វើ​បែបនេះ​មិន​មានន័យថា​ពួកគេ​ស្រឡាញ់​កូន សិស្ស អ្នកក្រោមបង្គាប់​របស់​ខ្លួន​នោះទេ ផ្ទុយទៅវិញ​គឺ​ពួកគេ​កំពុង​ធ្វើបាប​កូន សិស្ស អ្នកក្រោមបង្គាប់​របស់​ខ្លួន​ដោយ​មិនដឹង​ខ្លួន។ លើសពីនេះទៅទៀត ការធ្វើ​បែបនេះ​ក៏​មានន័យថា​ពួកគេ​បានរួម​ចំណែក​បណ្ដោយ​កូន សិស្ស អ្នកក្រោមបង្គាប់​របស់​ខ្លួន​ឱ្យធ្វើអ្វីៗតាម​ទំនើងចិត្ត​របស់ខ្លួន​ទាំង​ ល្អ​ទាំង​អាក្រក់ ដែល​អាចជា​មូលដ្ឋាន​មួយ​នៃ​ការរួមចំណែក​កសាង​មនុស្ស​អាក្រក់​នៅក្នុង​សង្គម​ ផងដែរ។

លក្ខណៈ​បែបនេះ យើង​បាន​សង្កេតឃើញ​មាននៅ​ក្នុងសង្គម​ខ្មែរ​បច្ចុប្បន្ន ជាពិសេស​ក្នុងចំណោម​គ្រួសារ​អ្នកមាន​ទ្រព្យ​ស្ដុកស្ដម្ភ គ្រួសារ​អ្នកមាន​ឋានន្តរស័ក្ដិធំៗមួយចំនួន និង​ស្ថាប័ន​បក្សពួកនិយម​មួយចំនួន ដែល​ឪពុកម្ដាយ និង​អ្នកដឹកនាំ​ស្ថាប័ន​ទាំងនោះ​ស្រឡាញ់​កូន ឬ​អ្នកក្រោមបង្គាប់​របស់ខ្លួន​ពេក រហូតដល់​បាន​បណ្ដោយឱ្យ​កូន ឬ​អ្នកក្រោមបង្គាប់​របស់ខ្លួន​ធ្វើអ្វីៗតាមចិត្ត​ចង់ ទាំង​ល្អ ទាំង​អាក្រក់ ទីបំផុត​កូន ឬ​អ្នកក្រោមបង្គាប់​របស់​ពួកគេ​មួយចំនួន បានក្លាយ​ទៅជា​ជន​ទំនើង អ្នកញៀន​ថ្នាំ ក្រុមបងធំ ជន​ពុករលួយ អ្នក​បង្ហោះ​យាន្ត​យន្ត អ្នក​បាញ់បោះ។ល។ ដែល​បង្ក​ភាពស្មុគស្មាញ និ​ទណ្ឌ​ភាព អយុត្តិធម៌ ហិង្សា ការរំលោភបំពាន គ្រោះថ្នាក់​ចរាចរណ៍ និង​ភាពអនាធិបតេយ្យផ្សេងៗទៀត​ក្នុងសង្គម​ខ្មែរ​ប​ច្ច​ប្បន្ន។

ហេតុនេះ ក្នុងនាម​អ្នក​ទស្សនវិជ្ជា ខ្ញុំ​សូម​អំពាវនាវ​ឪពុកម្ដាយ លោកគ្រូ អ្នកគ្រូ និង​អ្នកដឹកនាំ​ទាំងអស់ ត្រូវ​ប្រើ​វិធី​កណ្ដាល មិន​តឹង​ពេក មិន​ធូរ​ពេក ប្រកបដោយ​ភាពទន់ភ្លន់ ភាពស្វិតស្វាញ អហិង្សា សេចក្ដីស្រឡាញ់​ពិត ហេតុផល និង​វិន័យ ក្នុងការ​អប់រំ​កូន សិស្ស អ្នកក្រោមបង្គាប់​របស់​ខ្លួន ដើម្បី​រួមចំណែក​កសាង​ធនធានមនុស្ស​ពិត ដែលមាន​ទាំង​សុខភាព​ល្អ បញ្ញា​វាងវៃ សេចក្ដីស្រឡាញ់​ពិត ភាពក្លាហាន ចំណេះដឹង​វិទ្យាសាស្ត្រ បច្ចេកវិទ្យា ទេពកោសល្យ និង​សីលធម៌ នៅក្នុង​កម្រិត​សមាមាត្រ​គ្នា ដើម្បី​ជា​ប្រយោជន៍​ក្នុងការ​កសាង​សុខដុម​នីយកម្ម​ក្នុងសង្គម​របស់​យើង៕  
Unknown

Unknown

No comments:

Post a Comment

© 2014 Keo Thida, All rights Reserved -. Powered by Blogger.