យោង តាមសៀវភៅមហាសង្ក្រាន្តឆ្នាំថ្មី ដែលចងក្រង និងបោះពុម្ពផ្សាយ
ដោយលោក អ៊ឹម បូរិន្ទ ជំនួយការគណៈកម្មាធិការរៀបចំបុណ្យជាតិ
អន្តរជាតិ និងជានាយកគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ
និងប្រពៃណីទំនៀមទម្លាប់ខ្មែរ នៃក្រសួងធម្មការ និងសាសនា
ឲ្យដឹងថា ឆ្នាំនេះ ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំ មមី ឆស័ក ព.ស២៥៥៨ ឆ្នាំ២០១៤ តាមដំណើរសង្ក្រាន្តបញ្ជាក់ថា មានទេពធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាម គោរាគៈទេវី ជាបុត្រីទី២ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា មកទទួលវេនបន្តពីទេវតាឆ្នាំចាស់ ទ្រង់អម្ពរពណ៌លឿង លម្អព្រះកាណ៌ (ត្រចៀក) ដោយសៀតផ្កាអង្គារបុស្ស អភរណៈទ្រង់ពាក់ កែវមុក្តា ភក្សាហារទ្រង់សោយ តេលំ (ប្រេង) ព្រះហស្តស្តាំទ្រង់ ព្រះខន្ធ័ ព្រះហស្តឆ្វេងទ្រង់ ឈើច្រត់ ទ្រង់គង់លើខ្នង ព្យាគូ្យៈ (សត្វខ្លា) ជាពាហនៈ។
កម្មវិធីបុណ្យចូលឆ្នាំថ្មីប្រពៃជាតិឆ្នាំនេះមានដូចតទៅ៖
ថ្ងៃច័ន្ទ ១៥ កើត ខែចេត្រត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស ២០១៤ ជាថ្ងៃចូលឆ្នាំថ្មី វេលាម៉ោង ៨និង៧ នាទី ព្រឹក ជាថ្ងៃចូលឆ្នាំមមី ឆស័ក(ថ្ងៃមហាសង្ក្រាន្ត)។
ថ្ងៃអង្គារ១រោចខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា គ.ស ២០១៤ ជាវារៈវនប័ត។
ថ្ងៃពុធ២ រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៤ ជា វារៈឡើងស័ក គម្រប់ជាសង្ក្រាន្ត ៣ថ្ងៃដោយបរិបូរណ៍ និងចូលឆ្នាំមមី ឆស័ក ចុល្លសករាជ ១៣៧៦ និងមហាសករាជ ១៩៣៦ តរៀងទៅ។
សម្រាប់ គ្រឿងរណ្ដាប់ទទួលទេវតា តាមទំនៀមពីបុរាណរៀងមក ត្រូវរៀបរានទទួលទេវតា នៅខាងមុខផ្ទះមួយសម្រាប់តាំងគ្រឿងពលីការផេ្សងៗ។
ត្រូវ រៀបក្រាលសំពត់ពណ៌ស
ហើយរៀបចំនូវគ្រឿងសក្ការបូជាទេវតា មានជាអាទិ៍ បាយសី ៩
ថ្នាក់មួយគូ បាយសី ៧ ថ្នាក់មួយគូ បាយសី ៥ថ្នាក់មួយគូបាយសី
៣ ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូគូស្លាធម៌មួយគូ
ទឹកអប់មួយគូ( ទៀន៥ ធូប៥) លាច ៥ ផ្កា៥ ដាក់លើ ជើងពានមួយគូ
ចេកនួន ចេកណាំវ៉ា ជើងពានមួយគូ ផ្លែឈើ១១ មុខ
រៀបដាក់ជើងពាន១១គូ ដូងឡៅមួយគូ ទឹកស្អាតពីរកែវ។
ឆ្នាំនេះគួររកប្រេង ដាក់ទទួលទេវតាផង ព្រោះជាភក្សាហារ
របស់ទេពធីតា។
សម្រេច ហើយ នៅវេលាម៉ោង ដែលទេពធីតាចុះមក
ត្រូវជួបជុំក្រុមគ្រួសារដើម្បីថ្វាយបង្គំព្រះ នមស្សការព្រះ
រតនៈត្រ័យ សមាទានសីល ហើយតាំងចិត្ត ឲ្យបានស្អាតបរិសុទ្ធ
ជ្រះស្រឡះនូវមន្ទិលទាំងពួង តម្កល់ចិត្តរំពឹងគិតទៅលើ
ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាទីពឹងលុះចប់ពិធីទទួលទេវតា។
ទំនាយ ឆ្នាំថ្មីនេះអាចមានទឹកជំនន់
កេណ្ឌព្រះពិរុណសាស្រ្ត ៖ ឆ្នាំនេះ ភពសៅ ជាអធិបតី នាំផ្លូវទៅសុំទឹកភ្លៀងពីស្តេចនាគ ហើយបាននាគ៥ បង្អុរទឹកភ្លៀង ៤០០ មេដែលចែកចេញជា៖
-ចក្រវាឡ ១៦០ មេ
-ព្រៃហេមពាន្ត ១២០ មេ
-មហាសមុទ្រ ៨០ មេ
- ជម្ពូ ទ្វីបមនុស្សយើងមានចំនួន ៤០ មេ បណ្ដាលឲ្យមានទឹកភ្លៀង
ដើមឆ្នាំល្អ កណ្ដាលល្អ ចុងឆ្នាំភ្លៀងតិច។ ទំនាយទាយថា
ទឹកទន្លេឆ្នាំនេះច្រើនលើសឆ្នាំទាំងពួង ទឹកធំណាស់។
ចំណែកការធ្វើស្រែ ដីទំនាបទទួលបានផលល្អ
ដីទួលមានផលល្មមសមគួរ៕

No comments:
Post a Comment