Breaking News
recent

ការអប់រំទូន្មានចិត្តដោយវិធីដូចម្តេច?

ការអប់រំចិត្ត ការទូន្មានចិត្ត ជាការងារសំខាន់ជាង គេទាំងអស់ ព្រោះសេចក្តី​ស្រឡាញ់ ឬ ស្អប់ គាប់ចិត្ត ឬទាស់ចិត្ត ការត្រេកអររំជើបរំជួល ឬការភ័យព្រួយ ៘ ទាំង​អស់​នេះ ព្រោះ​តែ​មាន​ចិត្ត ។ នៅក្នុងពេលណា ក៏មាន ចិត្តដែរ ហើយនៅក្នុងពេល​ណាក៏​អាចអប់រំចិត្តបានដែរ ទាំង ដែលជាចិត្ត​របស់ខ្លួនឯង ដោយមិនចាំបាច់ ខ្ចី ឬ សុំចិត្តអ្នកដទៃ ដើម្បី​យក​មក​អប់រំ​ទូន្មាន​ឡើយ ។    
ការអប់រំទូន្មានចិត្តដោយវិធីដូចម្តេច?
ការធ្វើទានជាការប្រដៅអប់រំទូន្មានចិត្ត ព្រោះថា ចិត្តខូច ចិត្តអាក្រក់ គឺចិត្តជាបាបអកុសល ដូច្នេះត្រូវធ្វើទានឱ្យ បានរឿយៗ ជាឧបនិស្ស័យនៃការលះបង់កិលេសឱ្យបានទៅជា ទម្លាប់​ក្នុងការឱ្យ ជានិច្ច​ជាកាល ទោះវត្ថុនោះ តិចឬច្រើនក៏ ដោយ រហូតដល់លះ​បង់បាននូវគំនិត​ដែលគិត​ថា មិនគួរឱ្យ នូវរបស់​ដែលគួរឱ្យ ។    

ការឱ្យនូវទេយ្យវត្ថុសូម្បីបន្តិចបន្តួច ក៏អាចឱ្យអ្នក ដទៃរស់រានមានជីវិតបានដែរ គួររីករាយ​នៅ​ក្នុង​កុសលធម៌ គួរហ្វឹកហាត់ចិត្ត ឱ្យចេះមានមេត្តា ឱ្យចេះមានសេចក្តីថ្លៃថ្នូរ ហ្វឹកហាត់​យ៉ាង​ណា​ឱ្យចិត្តទៅជាទន់ភ្លន់ ចេះរីករាយក្នុងការឱ្យ សេចក្តីសុខទៅអ្នកដទៃ ។

ត្រូវដាស់តឿនចិត្តជារឿយៗថា សម្បត្តិអ្វីនៅក្នុង លោកនេះ មិនមែនជារបស់ចិត្តឯងទេ  ចិត្តឯង​កើតមកក៏មិន បានយកមក ចិត្តឯងរលត់ទៅវិញក៏មិនមែនយកទៅជាមួយ ឡើយ  ។

ចិត្តកើតឡើងអាស្រ័យអារម្មណ៍ណា ចិត្តត្រូវព្រាត់ ប្រាស់ចោល​នូវអារម្មណ៍​នោះទៅវិញ​ជានិច្ច ដូច្នេះចិត្តឯងមិន ត្រូវកំណាញ់ មិនត្រូវហួងហែង មិនត្រូវវង្វេងឆ្កួតដោយសារ អារម្មណ៍​ក្នុងលោកឡើយ ។   

មនុស្សដែលល្អប្រសើរ តើមនុស្សដូចម្តេច? គឺមនុស្សដែល ចេះទូន្មានខ្លួនឯង ប្រដៅខ្លួនឯង ។     ក្នុងលោកមនុស្ស លោកទេវតា មារព្រហ្ម តើបុគ្គលប្រភេទណា ដែល​ទូន្មាន​បានដោយ​កម្រ? គឺខ្លួនឯងហ្នឹងឯងដែលប្រដៅ ទូន្មានបានដោយកម្រ ។     តើអ្វី​ទៅជា​ខ្លួនដែលត្រូវប្រដៅអប់រំទូន្មាន? គឺចិត្តហ្នឹងឯង ។    

ការចែកបុណ្យកុសលឱ្យដល់អ្នកដទៃ គឺជាការ ប្រដៅចិត្តមួយផ្នែក ដើម្បីកុំឱ្យចិត្តគិត​បាន​អ្វីៗ​តែខ្លួន​ឯង ត្រូវ ចេះបែងចែក របស់ប្រសើរឱ្យអ្នកដទៃ ទូន្មានចិត្តឱ្យចេះអើពើ ក្នុងអំពើ​ល្អ​ដោយ​​​យកចិត្តទុកដាក់ ការជូនបុណ្យគឺជូនដោយ ចិត្តមេត្តា ដោយចិត្តទន់ភ្លន់ ជូនដើម្បី​ឱ្យអ្នក​ដទៃបានបុណ្យ ពិតៗ ព្រោះអនុមោទនា ។    

ការអនុមោទនាបុណ្យកុសលដែលអ្នកដទៃបាន ធ្វើ ឬ បានជូន  ក៏ជាការ​ប្រដៅចិត្ត​មួយផ្នែក​ទៀត កុំឱ្យ ចិត្តរឹងរូស ប្រកាន់ទិដ្ឋិមានៈលើកកំពស់ខ្លួន តែធ្វើឱ្យចិត្ត ទន់ភ្លន់ស្ងប់ស្ងាត់ កំ​ចាត់​ការ​ប្រកាន់ខ្លួន ឃើញ​បុណ្យកុសល​ជាធំជាងទ្រព្យ សម្បត្តិ​មាស​ប្រាក់ក្នុងលោក ប្រដៅ​ទូន្មាន​ចិត្តឱ្យ​ស្គាល់​គុណ តំលៃនៃ​សេចក្តីល្អ ចេះជ្រះថ្លាក្នុងបុណ្យ កុសល​របស់អ្នកដទៃ ឃើញ​អ្នក​ដទៃ​ដែលមាន​សេចក្តីល្អផ្សេងៗ ថាជាអ្នក​មានគុណ គឺមានគុណចំពោះខ្លួន​យើងផង ចំពោះ​អ្នកដទៃច្រើន​ផង ចំពោះ​សាសនា​ផង កាលដែលអ្នកដទៃនោះជាអ្នកមានសទ្ធា មានសីល មាន​ចាគៈជាដើម ត្រូវ​ទូន្មានចិត្តឱ្យចេះ​ដឹងគុណ អ្នកដទៃ កុំបំភ្លេច កុំលុប បំបាត់​ចោល​នូវ​គុណ គឺសេចក្តីល្អ របស់អ្នកដទៃ ព្រោះហេតុនេះ ចិត្តត្រូវតែ​យល់ដល់អំពើល្អ គ្រប់យ៉ាង ដោយ​មិន​ប្រកាន់​ឫកពា ចើងម៉ើង​ឆ្មើងឆ្មៃ មើលងាយ ឬ ខឹងក្រោធ ជាមួយអ្នកដទៃឡើយ មនុស្សល្អ ម្នាក់អាច​ឱ្យការរស់នៅ និង សេចក្តីសុខ​ដល់អ្នក​ដទៃច្រើន អ្នកណាស់​ក្នុងមួយថ្ងៃៗ ដូច្នេះគួរប្រមូល​មនុស្សល្អទាំងនោះ ឱ្យមកជា​ខ្លួនយើង​តែម្នាក់ ដោយការ​អនុមោទនាជ្រះថ្លា ត្រេកអរនូវ​អំពើល្អ ដែលអ្នកដទៃមាន ជួនកាល​អំពើល្អនោះ យើងមិន​អាចធ្វើបានផង តើគួររឹងរូសខឹង​ប្រកែកឈ្លោះ ឬក៏ ត្រូវប្រដៅចិត្តឱ្យស្លូត ហើយជ្រះថ្លា​ទទួលយកនូវ​បុណ្យ​ដោយ ​ការអនុមោទនាវិញ ? ម៉្យាង​វិញទៀត បើយើងសំឡឹងមើល គុណគឺ​សេចក្តីល្អ​របស់អ្នក​ដទៃហើយ ឱ្យតម្លៃយ៉ាងថ្លៃពិតៗ រមែងកំចាត់នូវចិត្តអាក្រក់​របស់យើង មានការមើលងាយអ្នក ដទៃ ​ដោយអាងទ្រព្យសម្បត្តិ វង្សត្រកូល ជាដើមទៀតផង ។

ការមានសីល ៥ជាដើម  សុទ្ធតែជាការប្រដៅអប់រំចិត្ត ជាម្លប់ត្រជាក់របស់ចិត្ត ជា​គ្រឿង​អលង្ការ​របស់ចិត្ត  ចិត្ត មានសេចក្តីសុខច្រើនព្រោះមានសីល ។ អ្នកមានសីល បានឱ្យ​សេចក្តី​សុខ​ដល់អ្នកដទៃច្រើន ណាស់ ព្រោះតែខ្លួនឯងជាអ្នកសម្បូរសេចក្តីសុខ ។ អ្នក​មាន​សីល បានឱ្យជិវិតគឺការរស់នៅដល់ មនុស្ស សត្វទាំងឡាយពេញពិភពលោក ព្រោះ​ចេតនា​វៀរចាក​ការ​សំលាប់ជិវិតសត្វ ។
Unknown

Unknown

No comments:

Post a Comment

© 2014 Keo Thida, All rights Reserved -. Powered by Blogger.