Breaking News
recent

ប្រទេសកម្ពុជាខ្វះធនធានមនុស្សកម្រិស្តង់ដា

អ្នកគ្មានការងារ ​ធ្វើ​បាននិងកំពុង​ស្វះស្វែង​រក​ការងារ​ធ្វើជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​ក្រុមហ៊ុន អង្គការ ឬ​ស្ថាប័នរដ្ឋ​ខ្លះ​វិញ​បែរជា​ស្រែកថា ពិបាក​រក​ធនធានមនុស្ស​ទៅវិញ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ពួកគេ​ថែមទាំង​ត្អូញត្អែរថា ពួកគេ​ប្រឈម​នឹង​កង្វះខាត​ធនធានមនុស្ស​ល្អ​ឬ​ខ្វះ​កម្លាំង​ពលកម្ម​ដែលមាន​ គុណភាព។

និស្សិត​ចេញពី​សាលា​ភ្លាម​ឬ​និស្សិត​ចេញពី​សាលា​អស់​រយៈពេល១ឆ្នាំ​ឬ ២ឆ្នាំ​តែងតែ​ត្អូញត្អែរថា ពួកគេ​ពិបាក​រក​ការងារ​ធ្វើ​ណាស់​នៅក្នុង​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន នេះ​ពីព្រោះ​ទីផ្សារការងារ​កាន់តែ​តូចចង្អៀត​ឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។

អ្នកខ្លះ​បញ្ចប់​ការសិក្សារ​មួយឆ្នាំ​ឬ​ពីរ​ឆ្នាំ​ហើយ​នៅ​មិនទាន់មាន ការងារ​ទៀងទាត់​ឬ​ប្រាកដប្រជា​នៅឡើយ​ទេ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នក​ខ្លះទៀត​បញ្ចប់​ការសិក្សា​ថ្នាក់អនុបណ្ឌិត​មែន ប៉ុន្តែ​នៅតែ​ពិបាក​ទទួលបាន​ការងា​រ​មួយ​ល្អ​ដែរ។ ហើយ​នេះ​គេ​មិនទាន់​និយាយ​ដល់​អ្នក​ដែល​គ្មាន​ការសិក្សា​ត្រឹមត្រូវ​ផង។ អ្នក​គ្មាន​ការសិក្សា​ជាន់ខ្ពស់​អាច​ថា រឹតតែ​ពិបាក​រក​ការងារ​ធ្វើ​ជាង​អ្នកមាន​សញ្ញាបត្រ​ជាន់ខ្ពស់​ទៅទៀត។

ជាការ​មិនអាច​ប្រកែក​បាន ទីផ្សារការងារ​កម្ពុជា​តូចចង្អៀត​មែន​បើ​ប្រៀបធៀប​ទៅនឹង​កម្លាំង​ពលកម្ម ដែលមាន​នៅលើ​ទីផ្សារ​និង​កម្លាំង​ពលកម្ម​ដែល​ឈាន​មកដល់​ទីផ្សារការងារ។ ក្នុងមួយឆ្នាំៗ យុវជន​គ្រប់​អាយុ១៨ឆ្នាំ​ដែល​ឈាន​មកដល់​ទីផ្សារការងារ​មាន​ចំនួន​ប្រមាណ​ ជា៣សែន​នាក់។

អ្នកស្វែងរក​ការងារ​ធ្វើ​នាំគ្នា​និយាយ​តែ​ពី​ទីផ្សារការងារ​កម្ពុជា​ តូចចង្អៀត ប៉ុន្តែ​សម្រាប់​ម្ចាស់​ក្រុមហ៊ុន ប្រធាន​អង្គការ ឬ​ថ្នាក់ដឹកនាំ​ស្ថាប័នរដ្ឋ​មួយចំនួន​វិញ ពួកគេ​ត្អូញត្អែរ​ពី​រឿង​សមត្ថភាព​របស់​បេក្ខជន​រក​ការងារ​ធ្វើ។ និយាយ​បែប​ផ្សេង មានន័យថា ពួកគេ​បាននិងកំពុង​ប្រឈម​នឹង​កង្វះខាត​ធនធានមនុស្ស​ដែលមាន​គុណភាព​ខ្ពស់។

អ្នកជំនួញ​ទាំងឡាយ​តែងតែ​និយាយថា ពួកគេ​ពិបាក​ជ្រើសរើស​ធនធានមនុស្ស​ដែល​ល្អ​សម្រាប់​ក្រុមហ៊ុន ឬ​ស្ថាប័ន​របស់​ពួកគេ។ មាន​ច្រើន​មែន​បេក្ខជន​ស្វែងរក​ការងារ​ធ្វើ​ប៉ុន្តែ​មិនមាន​ច្រើន​ទេ ធនធានមនុស្ស​ប្រកបដោយ​គុណភាព។ សម្រាប់​អ្នកជំនួញ ធនធានមនុស្ស​ដែល​ល្អ គឺជា​ធនធានមនុស្ស​ដែលមាន​លក្ខណៈ​ស​ម្បិ​ត្តិ៦យ៉ាង ។ ទីមួយ៖មានចំណេះដឹង​ជំនាញ។ ទី​ពីរ៖មានបទពិសោធន៍។ ទី៣៖ មាន​សុជីវធម៌​សង្គម​ល្អ។ ទី៤៖ស្មោះត្រង់​នឹង​ក្រុមហ៊ុន។ ទី៥៖មាន​ផលិតភាព​ខ្ពស់​សម្រាប់​ក្រុមហ៊ុន​និង​ទី៦មានការ​តាំងចិត្ត និង​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការងារ។

ចំណុច​ទាំង៦ដែល​បាន​រៀបរាប់​ខាងលើនេះ​គឺជា​លក្ខណៈ​ចាំបាច់​ដែល​គេ​ ហៅថា៖«ធនធានមនុស្ស​ល្អ»។ មានតែ​ចំណេះ ប៉ុន្តែ​ខ្វះ​សីលធម៌​សង្គម ខ្ជិល​ធ្វើ​ការងារ គ្មាន​ការទទួលខុសត្រូវ​ចំពោះ​ការងារ​របស់ខ្លួន​នោះ គេ​មិនអាច​ហៅថា​ធនធានមនុស្ស​ល្អ​ទេ។ ថៅកែ​ក្រុមហ៊ុន​ឬ​ប្រធាន​ស្ថាប័ន​មួយចំនួន​បាន​និយាយថា ពួកគេ​កំពុង​ខ្វះ​ធនធានមនុស្ស​ល្អ​ច្រើនណាស់​នៅក្នុង​ប្រទេស​កម្ពុជា។ ពួកគេ​ជ្រើសរើស​មិន​បានទេ។

អ្នកស្វែងរក​ការងារ​មាន​ចំនួន​ច្រើន ប៉ុន្តែ​ភាគច្រើន​ជា​បេក្ខជន​ធ្វើការ ដោយ​ខ្វះ​ការទទួលខុសត្រូវ។ សូមបញ្ជាក់ថា ថៅកែ​គេ​ត្រូវការ​បុគ្គលិក​ដែល​ធ្វើការ​ប្រកបដោយ​ការទទួលខុសត្រូវ ពោលគឺ​មិនមែន​បុគ្គលិក​ដែល​ធ្វើការ​អោយតែ​រួចពីដៃ​នោះទេ។ អ្នកជំនួញ​ខ្លះ​ថែមទាំង​និយាយថា រឿង​ប្រាក់ខែ​មិនមែនជា​បញ្ហា​ចម្បង​ទេ​សម្រាប់​បុគ្គលិក​ដែលមាន​គុណភាព។ ប៉ុន្តែ​បញ្ហា​ចោទ​ខ្លាំង​នៅត្រង់ថា បុគ្គលិក​មួយចំនួន​គ្មាន​គុណភាព​ប៉ុន្តែ​ទាមទារ​ប្រាក់កម្រៃ​ច្រើន។

សរុបសេចក្តី​មកវិញ ប្រទេស​កម្ពុជា​ទាំងមូល​ពិត​ជាមាន​ខ្វះខាត​ចំនួន​ការងារ​សម្រាប់​ប្រជាជន​ ខ្មែរ​មែន ប៉ុន្តែ​ប្រទេស​ក្រីក្រ​មួយ​នេះ​ក៏​នៅមាន​កង្វះខាត​ធនធានមនុស្ស​ល្អ​ដែរ។ បុ​ស្តិ៍​ការងារ​ជាន់ខ្ពស់​សម្រាប់​ធនធាន​មនុស្ស​ល្អ​គឺ​នៅមាន​ច្រើន​ នៅក្នុង​ប្រទេសមួយ​នេះ​ប៉ុន្តែ​ធនធានមនុស្ស​ខ្មែរ​ទេ​ដែល​មិនអាច​ចាប់យក តំណែង​ទាំង​នោះបាន។ ក្រុមហ៊ុនធំៗមួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា​នៅ​បន្ត​ប្រើប្រាស់​បុគ្គលិក​ បរទេស ពីព្រោះ​បុគ្គលិក​ខ្មែរ​នៅ​មិនទាន់​អាចឆ្លើយតប​ទៅនឹង តំណែង​ទាំង​នោះបាន។

ពេលខ្លះ ចំណេះដឹង​ជំនាញ​រវាង​បុគ្គលិក​ខ្មែរ​និង​បរទេស​មិនសូវ​ខុសគ្នា​ប៉ុន្មាន​ទេ ប៉ុន្តែ​របៀប​ធ្វើ​ការងារ​ទេ​ដែល​ខុសគ្នា។ ខុសគ្នា​នៅត្រង់ថា បុគ្គលិក​បរទេស​ធ្វើការ​ប្រកបដោយ​ការទទួលខុសត្រូវ រីឯ​បុគ្គលិក​ខ្មែរ​ខ្លះ​វិញ ធ្វើការ​ដោយ​ខ្វះ​ការតាំង​ចិត្ត។

ដូច្នេះ ដើម្បី​កាត់បន្ថយ​គម្លាត​តម្រូវការ​រវាង​បេក្ខជន​រក​ការងារ​ធ្វើ និង​អ្នកផ្តល់​ការងារ​អោយធ្វើ ភាគី​ទាំងពីរ​ត្រូវតែ​រក​ផ្លូវ​សម្របសម្រួល​កណ្តាល​មួយ មានន័យថា ធនធានមនុស្ស​ខ្មែរ​មិនគួរ​មានតែ​បរិមាណ​ទេ ប៉ុន្តែ​គួរ​មានគុណ​ភាពជា​ចម្បង​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់។ រីឯ ភាគ​គី​ខាង​អ្នកជំនួញ ឬ​ប្រធាន​ស្ថាប័នផ្សេងៗវិញ ការផ្តល់ប្រាក់​បៀវត្សរ៍​សមរម្យ​គឺជា​រឿង​ចាំបាច់​បំផុត៕
Unknown

Unknown

No comments:

Post a Comment

© 2014 Keo Thida, All rights Reserved -. Powered by Blogger.