Breaking News
recent

ត្រួត​ត្រា​មើល​ខ្លួន​ឯង

ត្រួត​ត្រា​មើល​ខ្លួន​ឯង

ប្រក្រតី​មនុស្ស​យើង ច្រើន​តែ​សម្លឹង​មើល​អ្នក​ដទៃ​ពិចារណា​វែកញែក​គ្នា​ពី​អ្នក​ដទៃ និង​ច្រើន​តែ​មើល​ឃើញ​កំហុស​របស់​គេ​ប៉ុណ្ណោះ។ សភាព​បែប​នេះ ព្រោះ​មក​អំពី​គុណ​ភាព​របស់​ចិត្ត​ក្នុង​ពេល​សម្លឹង​មើល។ បើ​អ្នក​សម្លឹង​មាន​ចិត្ត​លំអៀង ទៅ​ក្នុង​ផ្លូវ​ដែល​មិន​ល្អ​ស្រេច​ជា​មុន​ហើយ​ការ​សម្លឹង ក៏​រមែង​ឆៀង​ទៅ​រក​តែ​ចំណុច​ខ្វះ​ខាត​របស់​គេ​ប៉ុណ្ណោះ គឺ​ មើល​រំលង​សេចក្ដី​ល្អ​ប្រសើរ​របស់​គេ​ទៅ​ទាំង​អស់។ ក្នុង​ការ​សម្លឹង​មើល​នេះ ប្រសិន​បើ​មាន​ចិត្ត​លំអៀង​ទៅ​ក្នុង​សេចក្ដី​ស្រលាញ់ ដោយ​មាន​ការ​និយម​រាប់​អាន​គ្នា​ឯង​មក​វិញ​នោះ ការ​សម្លឹង​ក៏​រមែង​ឆៀង​ទៅរក​តែ​ចំណុ​ចល្អ​របស់​គេ​ សូម្បី​តែ​ចំណុច​ល្អ​នោះ​មាន​តិច​ក៏​ឃើញ​ច្រើន ហើយ​លើក​យក​មក​រៀបរាប់​ពណ៌នា​វែង​ឆ្ងាយ​ ឯ​ចំណុច​ខ្វះខាត​វិញ​សូម្បី​មើល​ឃើញ​ហើយ ក៏​រំលង​ចោល​ទៅ មិន​យក​ចិត្ត​ទុក​ដាក់​ឡើយ។

ទោះ​ជា​ការ​សម្លឹង​មើល​អ្នក​ដទៃ ដោយ​មិន​លំអៀង​យ៉ាង​ណា​ដ៏​ដោយ ក៏​មិន​ប្រសើរ​ដូច​ជា​ការ​សម្លឹង​មើល​ខ្លួន​ឯង​ដែរ។

ជា​ការ​ពិត ដែល​ថា​មាន​មនុស្ស​មិន​តិច​នាក់ មាន​ការ​សប្បាយ​ចិត្ត​ក្នុង​ការ​ចាំ​ចាប់​កំហុស​អ្នក​ដទៃ ឬ​ថា​មាន​សេចក្ដី​សុខ​ក្នុង​ការ​ប្រជុំ​គ្នា និយាយ​និន្ទា​ពី​អ្នក​នេះ អ្នក​នោះ ព្រម​ទាំង​ខាត​ពេល​ក្នុង​ការ​តាម​ដាន​រឿងរ៉ាវ ព្រម​ខូច​ពេល​ក្នុង​ការ​រង់​ចាំ​មើល​ផស​ចាញ​ឈ្នះ​របស់​គេ ព្រម​ឲ្យ​ពេល​វេលា​សម្លាប់​ជីវិត​របស់​ខ្លួន ដោយ​គ្រាន់​តែ​ប្ដូរ​យក​បាន​នូវ​ការ​សប្បាយ​ចិត្ត​បន្តិច​បន្តួច ឬ​ដោយ​គ្រាន់​តែ​បាន​ស្រណុក​មាត់​ក្នុង​ការ​និយាយ​ពី​គេ​ប៉ុណ្ណោះ។

អ្នកណាយ៉ាង​ម៉េច អ្នក​ណា​ធ្វើ​អ្វី នៅ​ឯ​ណា គឺ​ដឹង​សព្វ​ដឹង​គ្រប់​ល្អិត​ល្អន់​ហ្មត់​ចត់ ថែម​ទាំង​ចេះ​វែង​ញែក​ទៀត​ផង ថា​វា​គួរតែ​យ៉ាង​នេះ វា​គួរ​តែ​យ៉ាង​នោះ គឺ​តាំង​ខ្លួន​ជា​អ្នក​ជំនាញ​ក្នុង​គ្រប់​រឿង។

ក្នុង​ពេល​ដែល​អង្គុយ​វែក​ញែក​ពី​រឿង​អ្នក​ដទៃ​នោះរឿង​របស់​ខ្លួន​ឯង​និង​ រឿង​ក្នុង​ក្រុម​គ្រួសារ​របស់​ខ្លួន​ក៏​កំពុង​តែ​នៅ​ដោះ​ស្រាយ​មិន​ចេញ នៅ​ខ្វះ​ខាត​ប្រាក់ ណា​មួយ​កអត់​ការធ្វើ ឯ​ប្ដី​ប្រពន្ធ​ខ្លួន​ឯង​មិន​សូវ​ត្រូវ​គ្នា ។ល។

បញ្ហា​ទាំង​អស់​នេះ​ត្រឡប់​មិន​គិត មិន​ពិចារណា​រក​ការ​ដោះ​ស្រាយ រវល់​តែ​ទៅ​គិត​រឿង​អ្នក​ដទៃ ដែល​មិន​មែន​ជា​រឿង​របស់​ខ្លួន​ឯង​សោះ។

ព្រោះ​សម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សម្ដែង​ឲ្យ​សម្លឹង​មើល​រឿង​រ៉ាវ​របស់​ ខ្លួន​ឯង​ឲ្យ​ច្រើន តើ​អ្វី​ដែល​ខ្លួន​ឯង​បាន​ធ្វើ​ហើយ និង​អ្វី​ដែល​ខ្លួន​ឯង​មិន​ទាន់​បាន​ធ្វើ។

ម្យ៉ាង​ទៀត​ត្រូវ​ពិនិត្យ​មើល​ទោស​កំហុស ឬ​ចំណុច​ខ្វះខាត​របស់​ខ្លួន ទោះ​ជា​លំបាក​ក្នុង​ការ​សម្លឹង​មើល​យ៉ាង​ណា​ក៏​ដោយព្រោះ​ជា​ធម្មតា ចិត្ត​របស់​យើង​មិន​ងាយព្រម​ទទួល​នូវ​ការ​ភ្លាំង​ភ្លាត់ ថា​ជា​កំហុស​របស់​ខ្លួន​ឯង​ឡើយ។

ដើម្បី​សេចក្ដី​ចម្រើន​នៃ​ខ្លួន​ឯង យើង​ត្រូវ​តែ​ព្យាយាម​ពិចារណា ពេល​ពិចារណា​ឃើញ​ទោស​កំហុស​របស់​ខ្លួន​ហើយ ក៏​ជា​ភ័ព្វ​សំណាង ព្រោះ​យើង​នឹង​បាន​កែ​តម្រូវ​ឲ្យ​បាន​ល្អ​វិញ។ អ្នក​ដែល​សម្លឹង​ឃើញ​ការ​ខ្វះខាត​របស់​ខ្លួន​ឯង​បាន រាប់​ថា​ជា​មនុស្ស​ប្រសើរ ហើយ​បើ​ព្រម​ទទួល​ការ​ភ្លាំងភ្លាត់​ដែល​ជា​កំហុស​នោះ ថែម​ទាំង​អាច​កែលម្អ​ដល់​ខ្លួន​ឲ្យ​បាន​នូវ​សេចក្ដី​សង្រួម​តទៅ​ទៀត​បាន គឺ​ចាត់​ថា​ជា​កំពូល​មនុស្ស​រក​បាន​ដោយ​កម្រ​ក្នុង​លោក។

មាន​ចោរ​ពីរ​នាក់​ដើរ​ចូល​ទៅ​ក្នុង​វត្ត ចោរ​ម្នាក់​ភ្ញាក់​ខ្លួន​ឃើញ​កំហុស ខំ​ប្រឹង​ស្ដាប់​ធម៌​បាន​ទៅ​ជាមនុស្ស​ល្អ​ ឯ​ចោរ​ម្នាក់​ទៀត​លួច​ទ្រព្យ​ពី​វត្ត​បាន​មក។

ចោរ​ដែល​នៅ​តែ​ជា​ចោរ​នោះ បាន​បន្ទោស​ស្ដី​ដល់​ម្នាក់​ទៀត​ដែល​ឈប់​ធ្វើ​ចោរ​ថា​ជា​មនុស្ស​ល្ងង់​ខ្លៅ។

ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​ថា បុគ្គល​ណា ល្ងង់ហើយ​បាន​ដឹង​ថា​ខ្លួន​ឯង​ល្ងង់ បុគ្គល​នោះ អាច​នឹង​បាន​ជា​បណ្ឌិត ឯ​បុគ្គល​ណា ល្ងង់​តែ​សម្គាល់​ខ្លួន​ថា​ជា​បណ្ឌិត​បុគ្គល​នោះ ពិត​ជា​បុគ្គល​ល្ងង់ ព្រោះ​មិន​ព្រម​រៀន​ដឹង​ពី​អ្នក​ដទៃ ដោយ​គិត​ថា​ខ្លួន​ឯង​ឆ្លាត​ហើយ ដូច្នោះ​គេ​ទើប​ជា​បុគ្គល​ល្ងង់​រហូត​ទៅ។
Unknown

Unknown

No comments:

Post a Comment

© 2014 Keo Thida, All rights Reserved -. Powered by Blogger.