Breaking News
recent

កុំកំសាក តែកុំព្រហើន គឺត្រូវក្លាហាន

«កុំ​កំសាក តែកុំ​ព្រហើន គឺត្រូវ​ក្លាហាន»នេះ​ជា​គំនិត​ទស្សនវិជ្ជា​មួយ ដែល​ចាស់ទុំ​ខ្មែរ​ចង់​អប់រំ​កូនចៅ​កុំឱ្យ​ខិត​ទៅរក​ចុងនីមួយៗនៃ​ភាព​ដាច​ ខាត់។

ទីមួយ​គឺ​កំសាក ឬ​ខ្លាច​ពេក​រត់ចោល​គ្រប់​សមរភូមិ គ្រប់​បញ្ហា ទោះបី​តូចក្ដី ធំក្ដី មិន​ហ៊ាន​ប្រឈម មិន​រិះរក​វិធី​ដោះស្រាយ ឱ្យ​តែមាន​បញ្ហា​គឺ​ពួកគេ​តែងតែ​បោះបង់ចោល​ជានិច្ច ដោយ​មិនបាន​វាយតម្លៃ​ពី​កម្រិត​ឧបសគ្គ​នោះ​ឱ្យបាន​ច្បាស់លាស់​មុននឹង​ សម្រេចចិត្ត​បោះបង់ចោល។

ទី​ពីរ ចង់​ព្រមាន​កូន​ខ្មែរ​កុំឱ្យ​ខិត​ទៅរក​ចុង​មួយទៀត​នៃ​ភាព​ដាច់ខាត គឺ​ព្រហើន(ហ៊ាន​ពេក) ដោយ​មិនបាន​ពិនិត្យ​ច្បាស់លាស់​អំពី​កម្លាំង​និង​សមត្ថភាព​ខ្លួនឯង មិនបាន​វាយតម្លៃ​ពី​ស្ថានភាព ឬ​កាលៈទេសៈ​នៃ​ហេតុការណ៍ កម្រិត​នៃ​ឧបសគ្គ និង​កម្លាំង​របស់​គូប្រជែង ឬ​សត្រូវ​របស់ខ្លួន​មុនពេល​សម្រេចចិត្ត​ប្រឈម ឬ​វាយបក។ បើ​ពុំ​ដូច្នោះ​ទេ ការ​វាយបក​ទាំង​កម្រោល​នេះ នឹង​បរាជ័យ​យ៉ាង​អាម៉ាស់ ឬ​អាច​បាត់​បង់ជីវិត​ក៏សឹងមាន។

ទី​បី ចង់​អប់រំ​ឱ្យ​កូន​ខ្មែរ​ប្រកាន់យក​ផ្លូវកណ្ដាល​គឺ​សេចក្ដីក្លាហាន មានន័យថា​មិន​ព្រហើន តែ​ក៏​មិន​កំសាក​ដែរ គឺ​ត្រូវ​ចេះ​ប្រមាណ​ពី​កម្លាំង​និង​សមត្ថភាព​ខ្លួនឯង វាយតម្លៃ​ពី​ស្ថានភាព ឬ​កាលៈទេសៈ​នៃ​ហេតុការណ៍ កម្រិត​នៃ​ឧបសគ្គ និង​កម្លាំង​របស់​គូប្រជែង ឬ​សត្រូវ​របស់ខ្លួន​មុនពេល​សម្រេចចិត្តថា​ត្រូវ​ប្រឈម វាយបក ឬ​ដកថយ។

ក្លាហាន មា​ន័យ​ថា​ពេលខ្លះ​ត្រូវ​ហ៊ាន​ប្រឈម ឬ​វាយបក​វិញ​ដើម្បី​ការពារ​ខ្លួន ឬ​ដណ្ដើមយក​ជោគជ័យ​នៅពេលដែល​កម្លាំង​លទ្ធភាព និង​សមត្ថភាព​របស់ខ្លួន​មាន​គ្រប់គ្រាន់។ ប៉ុន្តែ​ពេលខ្លះទៀត​ត្រូវ​ដកថយ​ជា​យុទ្ធសាស្ត្រ​ដើម្បី​រៀបចំខ្លួន ពង្រឹងសមត្ថភាព​និង​យុទ្ធសាស្ត្រ​ឱ្យបាន​សមល្មម ទើបត្រូវ​វាយបក​ជា​ក្រោយ។ វា​ជា​អំពើ​អសីលធម៌​មួយ​ពេលដែល​អ្នកណាម្នាក់ ឬ​ក្រុម​ណាមួយ​ប្រកាសសង្គ្រាម​ជាមួយ​មនុស្ស​ម្នាក់ ឬ​ក្រុម​ផ្សេងទៀត នៅពេលដែល​គេ​ដឹង​យ៉ាងច្បាស់​ថា​គេ​មិនអាច​យកឈ្នះ​លើ​បច្ចាមិត្ត​របស់គេ ហើយ​ជា​លទ្ធផល​គេ​នឹង​ខាតបង់​ទ្រព្យសម្បត្តិ រងរបួស បាត់បង់​ជីវិត ឬ​ត្រូវ​សង​ការខូចខាត​ដល់​គូសត្រូវ​របស់ខ្លួន​ទៅតាម​ច្បាប់​សង្គ្រាម៕
Unknown

Unknown

No comments:

Post a Comment

© 2014 Keo Thida, All rights Reserved -. Powered by Blogger.