ស្ត្រីចូលទៅកាន់ត្រកូលស្វាមីមាន ៥ យ៉ាង
កូនៗទាំងឡាយ ខ្លួនយើងជាស្រីដែលមានគូស្រករ ពោលគឺមានស្វាមីហើយ ត្រូវមានការរស់នៅបែកពីពុកម៉ែ ដូច្នេះកូនរស់នៅជាមួយប្ដីត្រូវតែមានសេចក្ដីអត់ធ្មត់ឲ្យបាន ច្រើនផងណាកូន។
នៅពេលនេះ ពុកម៉ែសូមផ្ដាំផ្ញើពាក្យពេចន៍ខ្លះៗ ពេលដែលកូនត្រូវឃ្លាតទៅរស់នៅខាងស្វាមីណាកូនម៉ែ ធម្មតាចានដែលនៅក្នុងរាវ រមែងប៉ះទង្គិចគ្នាមិនខាន សំខាន់ជាងនេះទៅទៀត ពេលដែលកូនត្រូវទៅរស់នៅខាងស្វាមី ចូរកូនស្រីម៉ែរក្សាធម៌ ៥ នេះឲ្យជាប់ណាកូន។
១- ពេលដែលកូនចូលដំណេក ត្រូវដេកក្រោយស្វាមី ឬឪពុកម្ដាយខាងស្វាមី តែកូនត្រូវភ្ញាក់មុនពួកគាត់ និងត្រូវបម្រើ យកចិត្តទុកដាក់ជាមួយពួកគាត់ ចេះប្រើពាក្យសម្ដីគួរជាទីស្រលាញ់។
២- ជនណាជាទីគោរពរបស់ភស្ដា ដូចជាមាតាបិតា សមណព្រាហ្មណ៍យើងត្រូវធ្វើសក្ការៈគោរពសំពះបូជាបុគ្គលនោះ ស្វាគមន៍អ្នកដែលមកផ្ទះដោយការឲ្យនូវទីកន្លែងអង្គុយ និងទឹកជាដើម។
៣- ការងារជាការងារក្នុងផ្ទះស្វាមី កូនត្រូវយកចិត្តទុកដាក់ធ្វើឲ្យបានល្អជានិច្ចមិនត្រូវធ្វេស ប្រហែសឡើយ កូនត្រូវឆ្លាតឈ្លាសក្នុងកិច្ចការងារ។
៤- មនុស្សខាងក្នុងរបស់ស្វាមី ដូចជាទាសៈអ្នកបម្រើ ឬកូនជាងយើងត្រូវដឹងអ្វីៗ ដែលគេធ្វើហើយ និងអ្វីដែលមិនទាន់ធ្វើ ត្រូវដឹងអាការៈឈឺ ឬ ជារបស់អ្នកទាំងនោះត្រូវចែករបស់ទទួលទានឲ្យដល់ពួកគេ តាមចំណែកដែលគេគួរទទួលបាន។
៥- ទ្រព្យអ្វីៗ ដែលស្វាមីរកបានមកជាទ្រព្យ ឬមាសប្រាក់ យើងត្រូវឃុំគ្រងការពារទ្រព្យទាំងនោះ ទាំងជាអ្នកមិនលេងល្បែងភ្នាល់ ឆក់លួច មិនជាអ្នកផឹកស្រា មិនបំផ្លាញទ្រព្យសម្បត្តិ។
បើរូបកូន បានកាន់ជាប់នូវគោលការណ៍ទាំង ៥ យ៉ាងនេះហើយ ប្រាកដជាមានសេចក្ដីសុខក្នុងគ្រួសាររបស់កូនជានិច្ចណាកូនស្រីម៉ែ ប៉ុណ្ណឹងចុះពេលនេះរូបកូនបានយល់នូវសេចក្ដីដែលបានប្រាប់ពីថ្ងៃ មុន ខ្លះហើយមើលទៅ។
សូមកូនចង់ចាំថា សេចក្ដីសុខរបស់គ្រួសារកូន មិនអាចនរណាម្នាក់ធ្វើឲ្យបានឡើយ ក្រៅអំពីរូបកូនចេះយោគយល់គ្នាទៅវិញទៅមកនោះណាកូន។

No comments:
Post a Comment