Breaking News
recent

ទទួលយកការពិត



ទទួល​យក​ការ​ពិត

មនុស្ស​យើង​ត្រូវ​ហ្វឹក​ហាត់ ឲ្យ​ចេះ​ទទួល​យក​នូវ​របស់​ដែល​គេច​មិន​ផុត ដោយ​សេចក្តី​ស្ងប់ ។ មនុស្ស​ខ្លះ​ទោះ​ជា​បាន​ដឹង​ហើយ​ថា វា​ត្រូវ​តែ​យ៉ាង​ហ្នឹង​ឯង មិន​អាច​គេច​ជៀស ទៅ​ណារួច​ឡើយ តែ​នៅ​មិន​ព្រម​សុខ​ចិត្ត​ដដែល នៅ​តែ​កន្ទក់​កន្ទេញ គិត​តែ​ពី​សោក​សៅ​ខូច​ចិត្ត ឬ​មិន​ដូច្នោះ​ទេ​ក៏​ច្រើន​ទៅ​ដោយ​ទោសៈ ឃើញ​អ្នក​ណា​ៗ ឬ​របស់​អ្វី​ចេះ​តែ​ទាស់​មុខ​ទាស់​មាត់​ទៅ​ទាំង​អស់ ។

ការ​មិន​ព្រម​សុខ​ចិត្ត​ចំពោះ​សភាវៈពិត ចេះ​តែ​សោក​សៅ ឬ​ខឹង​ក្រោធ​នោះ មិន​អាច​ធ្វើ​ឲ្យ​សេចក្តី​ទុក្ខ សូម្បី​តែ​បន្តិច​បន្តួច​ថយ​ចុះ​បាន​ឡើយ មាន​តែ​បន្ថែម​ពី​លើ​ទុក្ខ​ដែល​មាន​ស្រាប់​ហើយ ឲ្យ​រឹង​រឹត​តែ​ច្រើន​ឡើង​ទៀត ។

ព្រោះ​ហេតុ​ដូច្នេះ មនុស្ស​ឆ្លាត​ទើប​អប់រំ​ចិត្ត​ឲ្យ​ចេះ​ទទួល​ស្វាគមន៍​នូវ​អ្វី​ដេល​គេច​មិន​ ផុត ដោយ​សេចក្តី​ស្ងប់ ។ កាល​បើ​មាន​នូវ​សេចក្តី​ស្ងប់​ក្នុង​ចិត្ត​ហើយ ហេតុការណ៍​អាក្រក់ ឬ​ហេតុការណ៍​ដែល​យើង​គិត​ថា​អាក្រក់​នោះ ក៏​នឹង​បាន​ល្អ​ឡើង​វិញ ម្យ៉ាង​ទៀត ហេតុការណ៍​ដែល​យើង​គិត​ថា​អាក្រក់​ក្នុង​ពេល​នេះ អាច​ត្រឡប់​ក្លាយ​ទៅ​ជា​មាន​ផល​ល្អ​នៅ​ពេល​ខាង​មុខ​ក៏​បាន ។

មាន​គ្រួសារ​មួយរស់​នៅ​ក្នុង​វត្ត​ព្រះ​សង្ឃ ក្រោយ​មក​វត្ត​ត្រូវ​ការ​ទី​ត្រង់​នោះ​សាង​សេនាសនៈ សម្រាប់​វត្ត ក៏​សូម​ឲ្យ​គ្រួសារ​នោះ​ឯង​រើ​កន្លែង​ចេញ​ពី​វត្ត ដោយ​ផ្តល់​ប្រាក់​ឲ្យ​ត្រឹម​តែ តម្លៃ​រើ​ប៉ុណ្ណោះ ។ គ្រួសារ​នោះ បាន​គិត​ថា​ជា​រឿង អាក្រក់​សម្រាប់​ជីវិត​របស់​ពួក​គាត់​ខ្លាំង​ណាស់ ពួក​គាត់​កើត​ទុក្ខ​ទោមនស្ស​ចិត្ត​ដ៏​ក្រៃលែង ។ ត​មក​ពួក​គាត់​ក៏​កាត់​ចិត្ត​បាន រួបរួម​ទ្រព​សម្បត្តិ​ដែល​មាន និង​ខ្ចី​អ្នក​ដទៃ​ខ្លះ​ទៀត ខាំ​ធ្មេញ អត់​ធន់​ចំពោះ​រឿង​ដែល​កើត​ឡើង ទិញ​ផ្ទះ​បាន​មួយ​នៅ​ក្រៅ​វត្ត ។

តមក​ទៀត មិន​ជា​ប៉ុន្មាន​ឆ្នាំ​ផង​ក៏​សង​បំណុល​គេ​រួច ម្ល៉ោះ​ហើយ គ្រួសារ​មួយ​នេះ​ក៏​មាន​ផ្ទះ និង​ដី​ជា​របស់​ខ្លួន​ឯង រស់​នៅ​យ៉ាង​សប្បាយ ។ ក្រោយ​មក​ទើប​គិត​ថា​ បាន​មក​ជា​យ៉ាង​ដូច្នេះ​ព្រោះ​គេ​ឲ្យ​ចេញ​ពី​ដី​របស់​វត្ត​នោះ​ឯង ប្រសិន​បើ​អ្នក​វត្ត​មិន​ធ្វើ​យ៉ាង​នេះ​ទេ ម្ល៉េះ​សម​ត្រូវ​នាំ​គ្នា​នៅ​នឹង​ដី​វត្ត​រហូត​ស្លាប់ ហើយ​ត្រូវ​នៅ​ត​កូន​ត​ចៅ​ទៀត​ផង ។

រឿង​រ៉ាវ​ផ្សេង​ទៀត​មាន​ច្រើន​សន្ធឹក​សន្ធាប់​ណាស់​ដែល​ក្រោយ​មក​បាន​ក្លាយ​ ទៅ​ជា​រឿង​ល្អ​សម្រាប់​ជីវិត ព្រោះ​ហេតុ​ដូច្នេះ អ្វី​ៗ​ដែល​កើត​ឡើង អ្វី​ៗ​ដែល​បាន​មក​ដល់ ទាំង​ដែល​យើង​មិន​អាច​គេច​ឲ្យ​ផុត​ទៅ​បាន សូម​ឲ្យ​យើង​ទទួល​ស្វាគមន៍​ដោយ​ចិត្ត​ស្ងប់ និង​ចាត់​ទុក​រឿង​រ៉ាវ​ក្នុង​ជីវិត​ ជា​មេរៀន ឯ​ជីវិត​ជា​កន្លែង​ហ្វឹក​ហាត់ ។

ក្មេង​ដែល​នៅ​ជា​មួយ​ម៉ែ​ឪ ឬ​ដែល​នៅ​ជា​មួយ​គ្រូ​អាចារ្យ ដែល​ម៉ែ​ឪ​ឬ​គ្រូ​អាចារ្យ​នោះ​ៗ​មាន​ការ​តឹង​តែង ប្រិតប្រៀន​ទូន្មាន​ប្រដៅ បើ​ធ្វើ​ខុស​ត្រូវ​ទទួល​ទោស ទទួល​ទណ្ឌ​កម្ម យ៉ាង​នេះ ក្មេង​នោះ​ឯង​រមែង​មិន​ពេញ​ចិត្ត និង​មាន​ការ​ចង្អៀត​ចង្អល់​ដោយ​ប្រការ​ផ្សេង​ៗ ។

ក្មេង​នោះ​គេ​បាន​ទទួល​នូវ​សេចក្តី​លំបាក​ខ្លះ ក្នុង​រយៈពេល​នៃ​ជីវិត​ខាង​ដើម​របស់​គេ​ប៉ុន្តែ​លុះ​ដល់​គេ​បាន​ធំ​ឡើង​ គេ​នឹង​អរគុណ​ចំពោះ​ឪពុក​ម្តាយ​អរគុណ​ដល់​គ្រូ​អាចារ្យ គឺ​គេ​ដឹង​គុណ​ថា ដែល​អាត្មា​អញ​បាន​មក​ដល់​ថ្នាក់​នេះ ព្រោះ​លោក​អ្នក​ទាំង​នោះ បាន​តឹង​តែង​ប្រិតប្រៀន​ទូន្មាន​មក​ហ្នឹង​ឯង ។ ចំណែក​ក្មេង​ដែល​ធ្វើ​អ្វី​បាន​ស្រេច​តែ​នឹង​ចិត្ត រស់​នៅ​គិត​តែ​ពី​សប្បាយ​លុះ​ដល់​ជួប​ប្រទះ​នូវ​សេចក្តី​លំបាក​ក្នុង​វ័យ​ ខាង​ចុង ទើប​ដឹង​ខ្លួន​ថា មាន​ការ​ខុស​ទៅ​ហើយ ក្នុង​ការ​រៀប​ចំ​ដំណើរ​ជីវិត​ខាង​ដើម​របស់​ខ្លួន​នោះ ។

នៅ​ក្នុង​ព្រះ​ពុទ្ធ​សាសនា ព្រះ​ពុទ្ធ​ជា​អង្គ​ម្ចាស់​ទ្រង់​ត្រាស់​ដាល់​តឿន​ថា​សភាវៈ​ដែល​យើង​គេច​មិន ​ផុត​គឺ ចាស់​ឈឺ ស្លាប់ ព្រាត់ ប្រាស​និង​ផល​វិបាក​របស់​កម្ម​ដែល​ខ្លួន​បាន​ធ្វើ​ហើយ ព្រះ​អង្គ​ទ្រង់​ដាស់​តឿន​ឲ្យ​យើង​ពិចារណា​ជា​រឿយៗ ។
Unknown

Unknown

No comments:

Post a Comment

© 2014 Keo Thida, All rights Reserved -. Powered by Blogger.