Breaking News
recent

ព្រាត់ប្រាស



ព្រាត់ប្រាស

សព្វេហិ មេ បិយេហិ មនាបេហិ នានាភាវោ វិនាភាវោ អាត្មាអញគង់​តែ​ព្រាត់ប្រាស និរាសចាក​សត្វ​និងសង្ខារ​ជាទីស្រឡាញ់​ពេញ​ចិត្ត​ទាំង​អស់​ពុំ​ខាន។

សត្វ​លោក​តែង​ភ័យ​ ខ្លាច​ចំពោះ​សត្វ​និង​សង្ខារ ដែល​មិន​ជាទី​ស្រឡាញ់​ពេញ​ចិត្ត ហើយ​ប្រាថ្នា​ចង់​បាន​នូវ​សត្វ​និង​សង្ខារ​ដែរ​ជាទីស្រឡាញ់​ពេញ​ចិត្ត តែ​គេមិន​បាន​ដឹង​ទាល់តែ​សោះ​ថា របស់​ដែល​ជាទី​ស្រឡាញ់​នោះ​ហើយ គឺ​ជា​ប្រភព​នៃ​សេចក្ដី​ទុក្ខ​កង្វល់។

រឿង​រ៉ាវ​ក្នុង​ជីវិត មិន​មែន​ចេះ​តែ​សម្រេច​ទៅ​តាម​ការ​ប្រាថ្នា​ទេ ប៉ុន្តែ​របស់​ទាំង​អស់​តែង​ជាគូ​នឹង​គ្នា​គឺ បាន​ ជា​គូការ​បាត់​បង់ ជួប ជាគូនឹង​ការ​ព្រាត់​ប្រាស​ជា​ដើម ព្រោះ​ជា​របស់​ដែល​មាន​សភាព​ប្រែប្រួល​​ទៅ ដូច​ជា​ខ្សែរ​ទឹក​ក្នុង​ស្ទឹង​តែង​ហូរ​ពី​ទី​ខ្ពស់​ទៅ​កាន់​ទី​ទាប​ជា​និច្ច ​ដូច្នោះ។

កាល​បើ​យើង​មិ​ន​បាន​ ពិចារណា​ អំពី​បម្រែបម្រួល​នៃ​សង្ខារ​ធម៌​ឲ្យ​បាន​រឿយៗ​ទេ ពេល​ដែល​របស់​ជាទីស្រឡាញ់​ព្រាត់ប្រាសទៅ លទ្ធផល​ជាក់ស្ដែង​គឺ​សេចក្ដី​សោក​សង្រេងយ៉ាង​គួរ​ឲ្យ​អាណិត ព្រោះហេតុ​ដូច្នោះ​ទើប​ព្រះមានព្រះភាគ​ជាម្ចាស់​ទ្រង់​ត្រាស់​សម្ដែង​ក្នុង​ គម្ពីរ ខុទ្ទកនិកាយ ធម្មបទគាថា បិយវគ្គ ថា

សេចក្ដី​សោក​កើត​អំពី​ សេចក្ដី​ស្រឡាញ់ ភ័យ​កើត​អំពី​សេចក្ដី​ស្រឡាញ់ កាល​បើ​រួច​ស្រឡះ​ចាក​សេចក្ដី​ស្រឡាញ់​ហើយ សេចក្ដី​សោក​ក៏​លែង​មាន​ ភ័យ​នឹង​មាន​មក​ពី​ណា។

របស់​របរ​ជុំវិញ​ជីវិត ​នេះ ពេល​ដែល​បាត់​បង់​ទៅ បើស្រឡាញ់ខ្លាំង ទុក្ខ​ក៏​ខ្លាំង ស្រឡាញ់​តិច​ទុក្ខ​ក៏​តិច ព្រោះហេតុ​ដូច្នោះ ទើបព្រះពុទ្ធ​អង្គ​ប្រៀន​ប្រដៅ​មិន​ឲ្យ​សត្វ​លោក​ប្រកាន់មាំ​ក្នុង​របស់​ អ្វី​មួយ ឲ្យ​ច្រើន​កើន​ពេក មិន​ឲ្យ​ស្រឡាញ់​រហូត​វង្វេង មិន​ឲ្យ​តាំង​សេចក្ដី​សង្ឃឹម​ពិត​ស្អិត ជាប់​ក្នុង​របស់​ណា​មួយឡើយ ព្រោះ​កាល​ខុស​បំណង​ក៏​នាំ​ឲ្យ​កើត​ទុក្ខ​កង្វល់។

និយាយ​យ៉ាង​នេះ មិន​មែន​ឲ្យ​យើង​លះ​បង់​សេចក្ដី​សង្ឃឹម​ក្នុង​ជីវិត​នោះ​ទេ យើង​ក៏​អាចមាន​សេចក្ដី​សង្ឃឹម​បាន​ដែរ ប៉ុន្តែ​ត្រូវ​ត្រៀម​ខ្លួន​ឲ្យ​សព្វ​គ្រប់ ទុក​សម្រាប់​តទល់​នឹង​ផល​ទាំង​ពីរ​យ៉ាង​របស់​វាគឺ​សេចក្ដី​សមបំណងនិង​សេចក្ដី​ខុស​បំណង។

ការងារ​គ្រប់​យ៉ាង​មាន ​គតិ​ជា​ពីរ គឺ​បាន​សម្រេច​និង​រលំរលាយ កីឡា​គ្រប់​យ៉ាង​មាន​ផល​ពីរ គឺ​ចាញ់​និង​ឈ្នះ បើ​ស្រឡាញ់​ការ​លេង​កីឡា យើង​ត្រូវ​ព្រម​ទទួល​ផល​ទាំង​ពីរ​យ៉ាង​ដូច្នោះ​ដែរ មិនមាន​មនុស្ស​ណាម្នាក់ បាន​ទទួល​តែ​រស​ជាតិ​ផ្អែម​ល្ហែម​តែ​ម្យ៉ាង ឬ​រស​ជាតិ​ជូរ​ចត់​តែ​ម្យ៉ាង រហូត​មួយ​ជាតិ​ទេ ព្រោះហេតុ​ដូច្នោះ គ្រប់​គ្នា​ត្រូវ​តែ​ត្រៀម​ខ្លួន​ទុក​ជា​មុន បើ​មិន​ដូច្នោះ​ទេពិត​ជា​នឹង​ក្រឡក​ចិត្តមិនខាន។

អ្នក​ដែល​បាន​ពិចារណា​ តាម​មាតិកាធម៌នេះ ឈ្មោះ​ថា ជា​អ្នក​បាន​ត្រៀម​ខ្លួន​ទុក​ជា​មុន គេ​រមែង​ញញឹម​ជានិច្ច ទាំងគ្រាបាន ទាំង​គ្រាបង់ ទាំង​គ្រាសមបំណង ទាំង​គ្រាខុសបំណង ជីវិត​របស់​គេនឹង​រឹងប៉ឹង​ឡើង​ជាលំដាប់ រហូតដល់​មាន​ខ្លួន​ឯង​ជាទីពឹង​ពិត​ប្រាកដ។
Unknown

Unknown

No comments:

Post a Comment

© 2014 Keo Thida, All rights Reserved -. Powered by Blogger.