Breaking News
recent

ទឹក​ចិត្ត​មាន​តម្លៃ​ជាង​ទឹក​ប្រាក់​

កូន​ជា​ទី​ស្រឡាញ់​

កាល​កូន​ទៅ​បម្រើ​ការ​រាជ​ការ​ ឬ​ទៅ​ធ្វើ​ការ​ស៊ី​ឈ្នួល​គេ​ គឺ​កូន​ធ្វើ​ការ​អ្វី​ក៏​ដោយ​ ចូរ​កូន​ធ្វើ​ឲ្យ​ពេញ​ដៃ​ពេញ​ជើង​ ប្រឹង​ប្រែង​ឲ្យ​អស់​សមត្ថ​ភាព ឲ្យ​សម​នឹង​តម្លៃ​ប្រាក់​ខែ​ ឬ​តម្លៃ​ឈ្នួល​ ។ ប្រសិន​បើ​កូន​ធ្វើ​ឲ្យ​លើស​ជាង​ប្រាក់​ខែ​ ឬ​តម្លៃ​ឈ្នួល​នោះ​គឺ​រឹត​តែ​ល្អ ។

កុំ​ធ្វើ​ការ​គ្រាន់​តែ​ ដើម្បី​ឲ្យ​បាន​ប្រាក់​តែ​ម៉្យាង​ កុំ​គិត​ត្រឹម​តែ​ឲ្យ​ការ​ងារ​ហើយ​ស្រេច​តែ​ប៉ុណ្ណោះ​ ត្រូវ​ធ្វើ​ការ​ដើម្បី​ឲ្យ​ការ​ងារ​សម្រេច​ដោយ​ល្អ​ផង​ ទើប​ជា​ការ​សមរម្យ​ ។ មនុស្ស​យើង​គួរ​ជា​មនុស្ស​មាន​ទឹក​ចិត្ត​ កុំ​ជា​មនុស្ស​ខ្វះ​ទឹក​ចិត្ត​ឲ្យ​សោះ ។

មនុស្ស​ដែល​ធ្វើការ​លើស​អំពី​តម្លៃ​នៃ​ប្រាក់​ខែ​ ប្រាក់ឈ្នួល​ដោយ​ការ​ពេញ​ចិត្ត​ សម្តែង​ដល់​ចិត្ត​ដែល​មិន​យក​ប្រៀប​គេ​ ទោះ​បី​ខាត​ពេល​វេ​លា​បន្តិច​បន្តួច​ក៏​ពិត​ ប៉ុន្តែ​សម្រេច​ការងារ​បាន​ល្អ​ នាំ​ឲ្យ​ចិត្ត​របស់​ខ្លួន​មាន​ការ​រីក​រាយ​ជា​សុខ​ ។ សេចក្តី​រីក​រាយ​ជា​សុខ​នេះ​ឯង​ ជា​ខ្លឹម​សារ​សំខាន់​នៃ​ជីវិត​ ដែល​មិន​អាច​រក​ទិញ​នៅ​ទី​ណា​បាន​ឡើយ ក្រៅ​អំពី​ការ​មាន​ទឹក​ចិត្ត​នៃ​ខ្លួន​ឯង​ ។

កាល​ដែល​មនុស្ស​យើង​មាន​ទឹក​ចិត្ត​ ចិត្ត​ក៏​រមែង​មាន​នូវ​ទឹក​សម្រាប់​ផ្សើម​ឲ្យ​ស្រស់​បស់ ត្រ​ជាក់​ ប្រាស​ចាក​នូវ​សេចក្តី​កំណាញ់​ និង​ការ​ច្រណែន​ជា​ដើម ខុស​អំពី​មនុស្ស​ដែល​មិន​មាន​ទឹក​ចិត្ត​ ។ មនុស្ស​ដែល​មិន​មាន​ទឹក​ចិត្ត​ ក្រៅ​អំពី​ចិត្ត​របស់​គេ​មិន​មាន​ការ​រីក​រាយ​ជា​សុខ​ក្នុង​ការ​ងា​រ​ហើយ ចិត្ត​របស់​គេ​រមែង​ស្ងួត​ក្រៀម​ក្រោះ​ ដូច​ស្រែ​ដែល​ខ្វះ​ទឹក​អ៊ីចឹងឯង​ ។

ចូរ​កូន​ត្រូវ​ហ្វឹក​ហាត់​ខ្លួន​ ឲ្យ​បាន​ទៅ​ជា​មនុស្ស​មាន​ទឹក​ចិត្ត​ ។ ចូរ​កូនកុំ​គិត​ថា​រឿង​នេះ​វា​ជា​រឿង​ចាញ់​ប្រៀប​គេ​ ឬ​ជា​អ្វី​ដែល​មិន​ល្អ​ឲ្យ​សោះ​ កូន​ត្រូវ​គិត​ដូច្នេះ​វិញ​ថា​ វា​ជា​រឿង​នៃ​ទឹក​ចិត្ត​ ដែល​នឹង​គប្បី​មាន​ឲ្យ​ដល់​គ្នា​ ដើម្បី​បាន​នៅ​ធ្វើ​ការ​ជា​មួយ​គ្នា​អស់​កាល​ដ៏​យូរ​ ហើយ​ក្នុង​ទី​បំផុត​ ទឹក​ចិត្ត​រមែង​មាន​តម្លៃ​ជាង​ទឹក​ប្រាក់ណ៎ា​កូន ។
Unknown

Unknown

No comments:

Post a Comment

© 2014 Keo Thida, All rights Reserved -. Powered by Blogger.