Breaking News
recent

បច្ចេកវិទ្យាទំនើបកំពុង​តែ​កាត់ផ្តាច់​ភាពស្និទ្ធស្នាល

                                         បច្ចេកវិទ្យាទំនើបកំពុង​តែ​កាត់ផ្តាច់​ភាពស្និទ្ធស្នាល
ទំនាក់ទំនង រវាង គ្រួសារ មិត្ត​ភក្តិ បងប្អូន និង​មនុស្សម្នា​ទូទៅកំពុង​ត្រូវបាន​ឃ្លាតឆ្ងាយពីគ្នា​បន្តិច​ម្តងៗ ។ មូលហេតុ គឺ​ដោយសារ​បុគ្គលម្នាក់ៗបាន និង​កំពុង​វក់វី​នឹង​បច្ចេកវិទ្យាទំនើបៗ ដូចជា ទូរសព្ទដៃ អាយ​ភែ​ត (i Pad) និង​សម្ភារ​កម្សាន្តផ្សេងៗទៀត។ ពេល​ជួបគ្នាម្តងៗ បុគ្គល ម្នាក់ៗមិនសូវ​ជជែក​គ្នា ឬ​ចូលរួម​ក្នុងការ​ពិភាក្សា​នោះទេ។ ផ្ទុយទៅវិញ ពួកគេ​គិតតែ​ពី​មើល​ទូរសព្ទ​លេង​ហ្វេ​ស​ប៊ុ​ក​ទៅវិញ។

មនុស្ស ​មួយចំនួនធំ​កំពុង​ពេញនិយម​ប្រើប្រាស់​មធ្យោបាយទំនើបៗដូចជា ទូ​រសព្ទ​ដៃ ហ្វេ​ស​ប៊ុ​ក ស្កា​យ(Skype) ឡាញ (Line)  ​វ៉ា​យ​ប៊ើ (Viber) ឬ WhatsApp ជាដើម ក្នុងការ​ទំនាក់ទំនង​ទៅកាន់​គ្រួសារ មិត្ត​ភក្តិ និង​អ្នកដទៃ​ផ្សេងទៀត​ជាជាង​ការជួបគ្នា​ផ្ទាល់។
មធ្យោបាយទំនើបៗទាំងនោះ អាចជួយ​ឲ្យ​ពួកគេ​បាន​ជួបគ្នា​ដោយ​ងាយ​ពិតមែន ប៉ុន្តែ​វា​បាន ធ្វើ​ឲ្យ​ទំនាក់ទំនង និង​ភាពស្និទ្ធស្នាល​កំពុង​ឃ្លាតឆ្ងាយ​ពីគ្នា។ មនុស្ស​មួយចំនួន ដើរ​ស្ទើរតែ​បុក គ្នា​នៅតាម​ទីសាធារណៈ ព្រោះ​រវល់​ឈ្ងោក​ចុច​ទូរសព្ទ។ អ្នកខ្លះ​ទៀត​លែង​ចង់​ជួប​មិត្ត​ភក្តិ និង អ្នក​ដ៏​ទៃ ព្រោះ​មាន​ទូរសព្ទ ឬ​អាយ​ភែ​ត(iPad) កំដរ​ពេល​អផ្សុក។

ជា ​មេ​គ្រួសារ​ក្នុងចំណោម​សមាជិក៤នាក់ លោក អៀង ពិសិដ្ឋ បាន​សម្តែង​ក្តី​ព្រួយបារម្ភ​ថា៖ «ភាពស្និទ្ធស្នាល​គ្រួសារ​លោក​កំពុង​ថយចុះ​ម្តងបន្តិចៗ ពីព្រោះ​កូនប្រុស​ទាំងពីរ​កំពុង​ឈ្លក់ វង្វេង​នឹង​ទូ​សព្ទ​សេរី​ថ្មី ម្នាក់ៗរវល់​ចុច​ហ្គេម និង​ឆែក​អ៊ី​ន​ធឺ​ណែ​ត​មើល​រូបភាពផ្សេងៗ ភ្លេច បាយ ភ្លេច​ទឹក និង​ភ្លេច​ពេលវេលា​រៀនសូត្រ​នៅផ្ទះ​ទៀតផង»។ លោក​បន្ត​ទាំង​ទឹកមុខ​ទំនង​ខឹង​បន្តិច​ថា៖«សូម្បីតែ​ពេលបាយ  ក៏​ពួកគេ​ចុច​ទូរសព្ទ គ្មាន​និយាយ​រក​ខ្ញុំ​អី​មួយ​ម៉ាត់...។ ហើយ ការសន្ទនា​ភាសា​អង់គ្លេស​រវាង​ខ្ញុំ​ជាមួយ​ពួកគេ​រៀងរាល់​យប់​ក៏ត្រូវ កាត់ផ្តាច់​ដែរ»។

ភាពស្និទ្ធស្នាល​រវាង​មិត្ត​ភក្តិ​មួយចំនួន​ក៏​ កំពុង​រេចរឹល ម្តងបន្តិចៗផងដែរ ដោយហេតុថា ពួកគេ ចំណាយពេល​កម្សាន្ត​ជាមួយ​អ៊ី​ន​ធើ​ណែ​ត ច្រើនជាង​ការ​ណាត់ជួប​ជុំគ្នា ហើយ​បើ​បាន​ជួបជុំគ្នា ម្តងម្កាល​ក៏​មិនសូវ​បាន​និយាយ​រកគ្នា​នោះដែរ ព្រោះម្នាក់ៗមមាញឹក​នឹង​ហ្វេ​ស​ប៊ុ​ក ឬ​លេង ហ្គេមរៀងៗខ្លួន។
ទោះជា​ យ៉ាងណាក៏ដោយ និន្នាការ​នេះ​ក៏​ត្រូវបាន​អ្នកជំនាញ​ផ្នែក​សង្គម​មួយចំនួន ទទួល ស្គាល់​ផងដែរ​ថា ការទំនាក់ទំនង​គ្នា​ដោយផ្ទាល់​របស់​មនុ​ស្សទូ​ទៅក្នុង​សង្គម កំពុង​មានការ ថយចុះ​ជាបណ្តើរៗ ខណៈ​សម្ភារទំនើបៗកាន់តែ​សម្បូរបែប​ក្នុងសង្គម​បច្ចុប្បន្ន។

លោក ឈ​ត ប៊ុន​ថង សាស្ត្រាចារ្យ​ផ្នែក​ទស្សន​វិទ្យា​នៃ​រាជបណ្ឌិតសភា​កម្ពុជា មើលឃើញថា​បច្ចុប្បន្ននេះ​មនុស្ស​មួយចំនួនធំ​កំពុង​ពេញនិយម​ប្រើប្រាស់ មធ្យោបាយទំនើបៗ ដើម្បី​ទំនាក់ ទំនង​គ្នា ជាជាង​ការជួបគ្នា​ផ្ទាល់ ដូចជា តាម​ទូ​សព្ទ​ស្មា​ត​ហ្វូ​ន ស្កា​យ(Skype) វ៉ា​យ​ប៊ើ (Viber) និង​ហ្វេ​ស​ប៊ុ​ក​ជាដើម។ល។ លោក​បាន​បន្ថែមទៀតថា ថ្វី​ដ្បិត​មធ្យោបាយទំនើបៗទាំងនេះ អាចជួយ​ឲ្យ​ពួកគេ​ជួបគ្នា​បាន​ដោយ​ងា​យក​ពិតមែន ប៉ុន្តែ​វា​ក៏​មិនបាន​បង្ហាញ​ឲ្យ​ឃើញ​នូវ ទិដ្ឋភាព​គ្រប់​ជ្រុងជ្រោយ និង​មិនអាច​សម្តែង​ភាពស្និទ្ធស្នាល​ដូច​ការជួបគ្នា​ផ្ទាល់​នោះដែរ។ សាស្ត្រាចារ្យ​រូបនេះ លើកឡើងថា៖«ការទំនាក់ទំនង​គ្នា​ដោយផ្ទាល់​កំពុង​ត្រូវបាន​កាត់បន្ថយ បន្តិចម្តងៗហើយ ព្រោះ​សម័យនេះ​គេ​ចូលចិត្ត​ប្រើ​មធ្យោបាយទំនើបៗជាង»។

លោក ឈ​ត ប៊ុន​ថង បញ្ជាក់​បន្ថែមទៀតថា ថ្វី​ដ្បិត​មធ្យោបាយ​ទំនាក់ទំនងទំនើបៗទាំងនេះ បាន និង​កំពុង​កាត់ផ្តាច់​ភាពស្និទ្ធស្នាល​បន្តិចម្តងៗមែន ប៉ុន្តែ​វា​កំពុង​ក្លាយជា​ជម្រើស ដ៏​ចាំបាច់​មួយ​សម្រាប់​មនុស្ស​សម័យថ្មី ពីព្រោះម្នាក់ៗសុទ្ធសឹង​ជាប់រវល់​នឹង​ការងារ​រៀងខ្លួន ម្យ៉ាង វិញទៀត​ពួកគេ​មួយចំនួន​បាន​ចាក​ចេញពី​គ្រួសារ ដើម្បី​ទៅ​បំពេញការងារ​នៅតាម​ទីកន្លែង ឆ្ងាយៗ ដូច្នេះ​ពួកគេ​មិនសូវមាន​ពេល​ស្កាត់​រកគ្នា​ដោយផ្ទាល់​នោះទេ៕
Unknown

Unknown

No comments:

Post a Comment

© 2014 Keo Thida, All rights Reserved -. Powered by Blogger.